(ម៉ៃអាមី)៖ អាជ្ញាធរសត្វព្រៃនៅរដ្ឋផ្លរីដា (Florida) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានអំពាវនាវរកជំនួយដើម្បីស្វែងរកមុខ អ្នកដែលឆ្លាក់ឈ្មោះលោក Trump (ត្រាំ) នៅលើស្បែកខ្នងរបស់សត្វ Manatee (មេណេធី ឬគោសមុទ្រ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
ការស្វែងរកជំនួយពីអាជ្ញាធរអភិរក្សាសត្វព្រៃ (FWS) ត្រូវបានបានធ្វើឡើងបន្ទាប់ពីខ្សែវីដេអូ ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីឈ្មោះរបស់លោកប្រធានាធិបតីអាមេរិក «Trump» ដែលបានឆ្លាក់ជាប់នៅលើស្បែកខ្នងសត្វសមុទ្រម៉្យាងឈ្មោះ Manatee ឬ Seacow (សត្វគោសមុទ្រ)។ មន្រ្តីស៊ើបអង្កេតនៃសេវាកម្មសហព័ន្ធ លោក ក្រេក ខាវ៉ាន់ណា (Craig Cavanna) បានគូសបញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា លោកមិនអាចអត្ថាធិប្បាយបានទេ លើការស៊ើបអង្កេតដែលកំពុងបន្តនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកដែលប្រព្រឹត្តរឿងនេះ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៥០,០០០ដុល្លារអាមេរិក និងជាប់ពន្ធនាគាររយៈពេល ១ឆ្នាំពីបទបង្កអន្តរាយដល់ប្រភេទសត្វ ដែលស្ថិតក្រោមការការពារ។
គួរបញ្ជាក់ថា Manatee ជាប្រភេទសត្វសមុទ្រមានវត្តមានច្រើន នៅប្រទេសឥណ្ឌាភាគខាងលិច និងជាប្រភេទសត្វដែលស្ថិតក្រោម ច្បាប់ការពារសត្វព្រៃរបស់សហរដ្ឋអាមេរិក។ ប្រភេទសត្វដែលអាចសម្របខ្លួនរស់នៅក្នុងទឹកប្រៃ និងទឹកសាបនេះ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យនៅក្នុងទន្លេ ហូម៉ូសាសសា (Homosassa) ស្ថិតនៅលើឆ្នេរភាគខាងលិចនៃរដ្ឋ Florida ដែលមានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុងអ័រលែនដូ (Orlando)៕