(ញូយ៉ក)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ប្រជាជនអាមេរិកជិត ៩លាននាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
បើតាម CDC ប្រជាជនចំនួន ៨,៩៨៧,៣២២នាក់បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរួចរាល់ហើយ ពោលគឺតិចជាងមួយភាគបីនៃចំនួនវ៉ាក់សាំងសរុប ២៥លានដូសដែលបានចែកចាយទៅរដ្ឋនានា ដោយរដ្ឋាភិបាលអាមេរិក។
អភិបាលរដ្ឋមីឈីហ្គែន (Michigan) លោក ហ្គ្រេជិន វ៉ៃត៍មើ (Gretchen Whitmer) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានស្នើសុំការអនុញ្ញាតពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទិញវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ចំនួន ១០០,០០០ដូស ដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុម័តឲ្យប្រើប្រាស់ជាលក្ខណៈបន្ទាន់។ មិនតែប៉ុណ្ណោះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ក៏បានអនុម័តលើវ៉ាក់សាំងមួយដែលត្រូវបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ផងដែរ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២៣.១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៣៨៥,០០០នាក់ និងជាសះស្បើយជាង ១៣.៦លាននាក់៕