(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានព្រមានទុកជាមុនថា ការផ្ទុះសកម្មភាពតវ៉ាប្រដាប់អាវុធ និងអំពើហិង្សាអាចនឹងកើតមានឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ចំពោះមុខថ្ងៃស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
ទីភ្នាក់ងារ FBI បានចេញសារព្រមានថា នឹងអាចកើតមានការតវ៉ា និងអំពើហិង្សាបន្ថែមទៀត ចាប់ពីពេលនេះរហូតដល់ថ្ងៃស្បថឡើងកាន់តំណែងរបស់ លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយនៅសល់ពេលជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ។ ការតវ៉ា និងអំពើហិង្សាផ្ទុះឡើងនៅវិមានកាពីតូល (វិមានសភាអាមេរិក) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុននេះ បានបណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ ក្នុងនោះម្នាក់ជាមន្ត្រីប៉ូលិស ខណៈមនុស្សរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា អំឡុងការព្រមានរបស់ FBI ខាងលើនេះ កងកម្លាំងឆ្មាំជាតិរបស់អាមេរិកចំនួន ១៥,០០០នាក់ត្រូវបានសម្រេចឲ្យត្រៀមខ្លួន ដើម្បីធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ខណៈភ្ញៀវទេសចរនានាត្រូវបានហាមឃាត់ មិនឲ្យទៅទស្សនានៅវិមានវ៉ាស៊ីនតោន (Washington Monument) នោះឡើយរហូតដល់ថ្ងៃទី២៤ ខែមករា។ លោកអគ្គមេបញ្ជាការ ដានីញែល ហូកាន់សុន (Daniel Hokanson) ដែលជាប្រធានការិយាល័យឆ្នាំជាតិ (NGB) បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា នៅថ្ងៃចន្ទសប្តាហ៍នេះថា កងកម្លាំងសរុប ១០,០០០នាក់នឹងទៅដល់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីរៀបចំក្បួនការពារសន្តិសុខ និងការធ្វើទំនាក់ទំនងជារួម៕