(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន បានជួបពិភាក្សាគ្នាក្នុងសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយបង្ហាញសញ្ញាថា អ្នកទាំងពីរកំពុងជិះលើទូកតែមួយ ខណៈសមាជិកសភាបក្សប្រជាធិបតេយ្យ កំពុងដាក់សម្ពាធឱ្យលោក ភែន ចូលរួមក្នុងការដកលោក ត្រាំ ពីតំណែង។ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ ខាងលើដដែលបានបញ្ជាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ដូណាល់ ត្រាំ និងលោក ម៉ៃក៍ ភែន មានកិច្ចសន្ទនាដ៏ល្អ ដែលជាជំនួបលើកដំបូងបំផុតរវាងអ្នកទាំងពីរ គិតចាប់តាំងពីការផ្ទុះភាពចលាចលនៅឯវិមានសភា កាលពីសប្ដាហ៍មុនមក។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា លោក ដូណាល់ ត្រាំ គ្មានបំណងលាលែងពីតំណែងប្រធានាធិបតី នៅមុនពេលលោកត្រូវផុតអាណត្តិជាផ្លូវការ នៅថ្ងៃទី២០ ខែមករានោះទេ ខណៈលោក ភែន វិញក៏គ្មានបំណងចូលរួមដកលោក ត្រាំ ពីតំណែងតាមរយៈការប្រកាសថា ប្រធានាធិបតីរូបនេះអសមត្ថភាព តាមការស្នើសុំរបស់សមាជិកសភាបក្សប្រជាធិបតេយ្យនោះដែរ។
លើសពីនេះទៅទៀត លោក ត្រាំ និងលោក ភែន មានគោលជំហរដូចគ្នា នោះគឺអ្នកដែលបានបំពានច្បាប់ និងសម្រុកចូលអុកឡុក បង្កចលាចលក្នុងវិមានសភាកាលពីសប្ដាហ៍មុន មិនមែនជាក្រុមមនុស្សតំណាងឱ្យ «នយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» ដែលត្រូវបានគាំទ្រដោយប្រជាជនអាមេរិកជាង ៧៥លាននាក់នោះឡើយ។
គួរបញ្ជាក់ថា សមាជិកសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ គ្រោងនឹងធ្វើការបោះឆ្នោតមួយ នៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ លើដំណោះស្រាយមួយដែលនឹងស្នើឱ្យលោក ម៉ៃក៍ ភែន យកច្បាប់វិសោធនកម្មទី ២៥ មកប្រើ ហើយលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលជាប្រធានសភាតំណាងរាស្ត្រ នឹងទុកពេល ២៤ម៉ោងរង់ចាំចម្លើយពីលោក ភែន។ ទោះជាបែបនេះក្តី ប្រសិនបើគ្មានចម្លើយពីលោក ម៉ៃក៍ ភែន នៅក្នុងពេលដូចបានកំណត់ខាងលើនេះទេ សមាជិកសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យ នឹងដំណើរការនីតិវិធីដកលោក ត្រាំ ពីបទញុះញង់ឱ្យមានសកម្មភាពបះបោរសម្រុកចូលវិមានសភា។ លោក ត្រាំ ក៏ធ្លាប់បានប្រឈមមុខនឹងនីតិវិធីដកតំណែងនេះដែរ កាលពីឆ្នាំ២០១៩ ដោយគណបក្សប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានបរាជ័យទៅវិញ ព្រោះតែព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានជំទាស់នៅពេលនោះ៕