(បរទេស)៖ ក្រុមហ៊ុន Twitter នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា ខ្លួនបានបិទគណនីច្រើនជាង ៧ម៉ឺនគណនី ដែលជាប់ពាក់ព័ន្ធជាមួយក្រុមស្តាំនិយមហៅថា ឃ្យូអេណុន (QAnon) ក្រោយហេតុការណ៍ផ្ទុះអំពើហិង្សានៅវិមានសភាអាមេរិក ដែលបង្កឡើងដោយក្រុមអ្នកគាំទ្ររបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
បណ្តាញសង្គម Twitter បានសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយសារតែព្រឹត្តិការណ៍ផ្ទុះអំពើហិង្សា ដ៏អាក្រក់នៅរដ្ឋធានីវ៉ាស៉ីនតោន ព្រមទាំងហានិភ័យកាន់តែខ្ពស់ នៃការផ្ទុះអំពើហិង្សាស្រដៀងគ្នានេះនាពេលខាងមុខ យើងបានចាប់ផ្តើមផ្អាកជាអចិន្រ្តៃយ៍នូវ គណនីដែលត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការចែករំលែកខ្លឹមសារពាក់ព័ន្ធនឹងក្រុម QAnon កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ ជាលទ្ធផល គណនីច្រើនជាង ៧០,០០០គណនីហើយត្រូវបានបិទ ហើយអំឡុងកិច្ចប្រឹងប្រែងនេះ យើងបានរកឃើញមានករណីជាច្រើន ដែលបុគ្គលតែម្នាក់ប្រើប្រាស់គណនីច្រើន»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន គណនី Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានបិទជាអចិន្ត្រៃយ៍ ដោយសារតែការផ្ទុះអំពើហិង្សា នៅវិមានសភាអាមេរិក។ ក្រោយព្រឹត្តិការណ៍ដ៏អាក្រក់នោះ ឥឡូវក្រុមហ៊ុនបណ្តាញសង្គមអាមេរិក កំពុងបង្កើនការខិតខំថែមទៀត ដើម្បីលុបបំបាត់មាតិកាទាំងឡាយ នៅលើប្រព័ន្ធប្រើប្រាស់របស់ពួកគេ ដែលអាចនាំទៅរកអំពើហិង្សា ដូចហេតុការណ៍ដែលបានកើតឡើងកន្លងមក៕