(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិស្ដីទី របស់សហរដ្ឋអាមេរិក លោក Chad Wolf បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកចេញមុខរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញក្រុមកុបករ អុកឡុកចូលវិមានសភា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

បើតាមលិខិតដែលបានផ្ញើជូនបុគ្គលិកនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក Chad Wolf ដែលកំពុងទទួលបន្ទុករៀបចំសន្តិសុខ សម្រាប់ពិធីស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន នឹងលាលែងពីតំណែងនៅពាក់កណ្ដាលយប់ថ្ងៃចន្ទសប្ដាហ៍នេះតែម្ដង ហើយការប្រកាសនេះទៀតសោតបានធ្វើឱ្យលោកក្លាយជាមនុស្សទី៣ ដែល បានដើរចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីក្រុមកុបករគាំទ្រប្រធានាធិបតីរូបនេះ ចូលអុកឡុកវិមានសភា កាលពីសប្ដាហ៍មុន។

នៅក្នុងលិខិតដដែល លោក Wolf បាននិយាយថា លោកមានបំណងកាន់តំណែងរហូតដល់ក្រោយលោក បៃដិន ស្បថចូលកាន់តំណែងរួចរាល់។ ប៉ុន្តែ លោកត្រូវលាលែងពីតំណែងដោយបង្ខំចិត្ត ដោយសារតែព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានការសម្រេចចិត្តរបស់តុលាការ ដែលថាលោកមិនមានភាពស្របច្បាប់ អង្គុយតំណែងជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ។

តែយ៉ាងណា លោក Wolf មិនបានបញ្ជាក់ឱ្យច្បាស់ៗពីមូលហេតុជំរុញឱ្យលោក លាលែងពីតំណែងនោះទេ។ លោក Wolf បានឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខ មាតុភូមិស្ដីទី ចាប់តាំងខែវិច្ឆិកា ឆ្នាំ២០១៩មកម្លេះ តែតំណែងរបស់លោកមិនទាន់ត្រូវបានទទួលស្គាល់ដោយព្រឹទ្ធសភា នៅឡើយទេ៕