(ហ្សាកាតា)៖ អាជ្ញាធរឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ បានសម្រេចអនុម័តឲ្យប្រើវ៉ាក់សាំង របស់ក្រុមហ៊ុន Sinovac Biotech របស់ចិន ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេទី៤ នៅលើពិភពលោកមួយនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការកើនឡើង នៃករណីឆ្លងនិងការស្លាប់ ដោយសារជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
យោងតាមអ្នកជំនាញសុខភាពសាធារណៈឲ្យដឹងថា កង្វះទិន្នន័យនិងអត្រាប្រសិទ្ធភាពខុសគ្នាដែលត្រូវបានរាយការណ៍ពីប្រទេសផ្សេងៗគ្នា អាចធ្វើឲ្យអន្តរាយដល់ជំនឿទុកចិត្ត របស់សាធារណជនក្នុងការដាក់ឲ្យប្រើប្រាស់។
អាជ្ញាធរផ្នែកចំណីអាហារនិងឱសថនាំរបស់ឥណ្ឌូនេស៊ី (BPOM) បាននិយាយថា ទិន្នន័យបណ្តោះអាសន្ននៃលទ្ធផលធ្វើតេស្តលើមនុស្ស របស់វ៉ាក់សាំង CoronaVac នៅដំណាក់កាលចុងក្រោយ បានបង្ហាញថា វាមានប្រសិទ្ធិភាព ៦៥.៣ ភាគរយ គឺទាបជាងតួលេខនៅប្រេស៊ីលនិងតួកគី ដែលមិនទាន់បានផ្តើមចាក់វ៉ាក់សាំងនេះ ជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយ។
ទោះជាយ៉ាងណា ប្រធានផ្នែកចំណីអាហារនិងឱសថ លោកស្រី Penny K Lukito បាននិយាយថា លទ្ធផលបានឆ្លើយតបនឹងតម្រូវការ នៃប្រសិទ្ធភាពអប្បបរមារបស់អង្គការសុខភាពពិភពលោក ដែលត្រូវលើស ៥០ភាគរយ។ លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា «សូមគាំទ្រកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ព្រោះជោគជ័យនៃការគ្រប់គ្រងជំងឺនេះ ជារបស់យើងទាំងគ្នា ក្នុងនាមជាប្រជាជាតិតែមួយ»។
គួរបញ្ជាក់ថា ការសិក្សាដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីលបានបង្ហាញថា វ៉ាក់សាំង CoronaVac មានប្រសិទ្ធភាព ៧៨ភាគរយ ខណៈដែលអ្នកស្រាវជ្រាវតួកគីបាននិយាយកាលពីខែធ្នូថា វ៉ាក់សាំងដដែលនេះ វាមានប្រសិទ្ធភាព ៩១.២៥ ភាគរយ ដោយផ្អែកលើការវិភាគបណ្តោះអាសន្ន។
ឥណ្ឌូនេស៊ី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ដែលរហូតមកទល់ពេលនេះ មានករណីឆ្លងសរុបជាង ៨៣៦,៧០០ករណី ក្នុងនោះស្លាប់ ២៤,៣៤៣នាក់៕