(ប៉េកាំង)៖ បេសកកម្មដំបូងបំផុតរបស់ចិនទៅកាន់ភពអង្គារ (Mars) គឺបេសកកម្មធានវិន-១ (Tianwen-1) នឹងទៅដល់គន្លងគោចរជុំវិញភពអង្គារ នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ (ពេលវេលានៅលើផែនដី) ដោយគ្រប់គ្នាត្រូវរង់ចាំត្រឹមតែ ១ខែទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
បេសកកម្ម Tianwen-1 មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ ហៅថា អូប៊ីតទ័រ (Orbiter), ជើងទម្រសម្រាប់សម្រួលការចុះ ទៅលើផ្ទៃដីភពអង្គារហៅថា ឡេនដឺ (Lander) និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ (Rover)។ ចម្ងាយរវាងភពអង្គារ និងផែនដី តែងមានការប្រែប្រួលមិនទៀងនោះឡើយ គឺគម្លាតចាប់ពី ៥០លានគីឡូម៉ែត្ររហូតដល់ជាង ៤០០លានគីឡូម៉ែត្រ ដោយសារតែភពទាំងគោចរជុំវិញព្រះអាទិត្យ ក្នុងគន្លងផ្សេងគ្នា។ យ៉ាងណាមិញ នៅពេលបេសកកម្ម Tianwen-1 ទៅដល់ក្បែរភពអង្គារ វានឹងស្ថិតនៅចម្ងាយ ១៩០លានគីឡូម៉ែត្រពីភពយើង។
គួរបញ្ជាក់ថា ក្រៅពីបេសកកម្មចិន អេមីរ៉ាត់អារ៉ាប់រួម (UAE) ក៏មានបេសកកម្មលើកដំបូង ទៅកាន់ភពអង្គារផងដែរ ជាមួយកាលបរិច្ឆេទកំណត់ថា នឹងទៅដល់គោលដៅនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពុំមានការចុះចតទេ ដោយវាត្រឹមតែជាផ្កាយរណប ដើម្បីគោចរក្នុងគន្លង នៅជុំវិញភពក្រហមនោះប៉ុណ្ណោះ។ ដោយឡែក បេសកកម្ម Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានកំណត់ថា នឹងចុះទៅដល់លើផ្ទៃភពអង្គារនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕