Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង ថានៅតែបើកចំហទ្វារ ចរចាជាមួយកូរ៉េខាងជើង ​​​​(Video inside)

11-01-2021 15:49

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន បាននិយាយថា រដ្ឋាភិបាលរបស់លោក អាចរៀបចំកិច្ចសន្ទនាជាមួយកូរ៉េខាងជើង គ្រប់ពេលវេលា គ្រប់ទីកន្លែង បើទោះជាទីក្រុងព្យុងយ៉ាង នៅតែបន្តប្រងើយបន្ដើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

លោក មូន ចែអ៉ីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក មូន បានគូសបញ្ជាក់ ដូច្នេះថា៖ «យើងមានបំណងចង់ជួបសន្ទនាជាមួយកូរ៉េខាងជើង គ្រប់ពេលវេលា គ្រប់ទីកន្លែង បើទោះជាបច្ចុប្បន្ន គ្មានមធ្យោបាយទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ក៏ដោយ»។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បន្ថែមថា សន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េគឺអាស្រ័យលើកិច្ចសន្ទនា ការរួមរស់នៅជាមួយគ្នា និងកិច្ចសហប្រតិបត្តិការ ដែលជាក្ដីសង្ឃឹមសម្រាប់សន្តិភាព និងការរួមរស់នៅជាមួយគ្នា ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិ COVID-19។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានោះដែរ លោក មូន ចែអ៉ីន ថែមទាំងបានសន្យាទៀតផងថា រដ្ឋាភិបាលរបស់លោកនឹងធានាឱ្យបាននូវការផ្ដល់ជូនវ៉ាក់សាំង COVID-19 ដល់ប្រជាជនកូរ៉េខាងត្បូងគ្រប់ៗរូប ដោយឥតគិតថ្លៃ។ ដោយឡែក ពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្ម លោក មូន ក៏បានសន្យាផងដែរថា នឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្ដោះប្ដូរសេដ្ឋកិច្ច តាមរយៈការបង្កើនល្បឿនចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសមួយចំនួនដូចជា ហ្វីលីពីន, អ៊ូបេគីស្ថាន និងកម្ពុជា ជាដើម៕