(ហ្សាការតា)៖ ក្រុមអ្នកមុជទឹករបស់យោធាឥណ្ឌូណេស៉ី នៅថ្ងៃចន្ទនេះ កំពុងខិតទៅកាន់តែជិតប្រអប់ខ្មៅ (black boxes) របស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
ប្រអប់ខ្មៅដែលជាឧបករណ៍ថតសំឡេង ក្នុងបន្ទប់អាកាសយានិក និងជាឧបករណ៍សម្រាប់កត់ត្រាទិន្នន័យនៃការហោះហើរ អាចផ្តល់តំរុយយ៉ាងសំខាន់ជាទីបំផុត ចំពោះមូលហេតុនៃការធ្លាក់យន្តហោះ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលបានធ្លាក់ចុះពីរយៈកម្ពស់ដែលវាត្រូវហោះហើរ ដល់ទៅ ៣ពាន់ម៉ែត្រក្នុងពេលមិនដល់ ១នាទីឡើយ មុនធ្លាក់ចូលក្នុងផ្ទៃសមុទ្រជ្វា នៃប្រទេសឥណ្ឌូណេស៉ី។ សញ្ញាប្រាប់ពីទីតាំងរបស់ប្រអប់ខ្មៅ ត្រូវបានរកឃើញកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែពួកវាមិនទាន់ត្រូវបានស្រង់ យកចេញពីក្នុងទឹកបាននៅឡើយទេ។
គួរបញ្ជាក់ថា យន្តហោះនោះស្ថិតក្នុងជើងហោះហើរក្នុងស្រុក ដែលមានគោលដៅចេញពីរដ្ឋធានីហ្សាការតា ឆ្ពោះទៅកាន់ទីក្រុង ប៉ុនទាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) ជាមួយមនុស្សសរុប ៦២នាក់ (អ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់) ដែលសុទ្ធតែជាជនជាតិឥណ្ឌូណេស៉ី ហើយក្នុងនោះមានកុមារ ១០នាក់ផងដែរ។ ការស្រាវជ្រាវជុំវិញករណីធ្លាក់យន្តហោះនេះ ត្រូវគេរំពឹងថានឹងអាចប្រើពេលរាប់ខែឯណោះ៕