(ឡូសអាន់ជែលែស)៖ អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក អាណុល ឆ្វាហ្សេណេកហ្គឺ (Arnold Schwarzenegger) បានប្រៀបធៀបហ្វូងមនុស្ស ដែលសម្រុកចូលលុកលុយវិមានសភាអាមេរិក ទៅនឹងពួកណាស៊ីស (Nazis) និងបានហៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាជាមេដឹកនាំបរាជ័យដែលនឹង «ជាប់ឈ្មោះជាប្រវត្តិសាស្ត្រ ក្នុងនាមជាប្រធានាធិបតីអាក្រក់បំផុតមិនធ្លាប់មាន»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
នៅក្នុងវីដេអូមួយ ដែលលោក Arnold Schwarzenegger បានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យ (ពេលវេលានៅកាលីហ្វ័រញ៉ា) គណបក្សសាធារណរដ្ឋបាននិយាយថា «ថ្ងៃពុធគឺជារាត្រីនៃការបែកកញ្ចក់ នៅសហរដ្ឋអាមេរិក»។ លោក Arnold បានគូសបញ្ជាក់ថា «កញ្ចក់បង្អួចរបស់វិមានសភាអាមេរិក ត្រូវបានវាយបំបែក។ ហ្វូងមនុស្សទាំងនោះ មិនត្រឹមតែវាយបំបែកវិមានសភាអាមេរិកនោះទេ ពួកគេបានជាន់ឈ្លីគោលការណ៍ របស់ប្រទេសយើងថែមទៀតផង»។
លោក Arnold Schwarzenegger បានប្រៀបធៀបក្រុមស្ដាំនិយម «Proud Boys» ដែលជាក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ នេះទៅនឹងពួកណាស៊ីស ដែលកាលពីឆ្នាំ១៩៣៨ នៅប្រទេសអាល្លឺម៉ង់ និងអូទ្រីស ដែលបានបំផ្លាញផ្ទះសម្បែង សាលារៀន និងជំនួញរបស់ជនជាតិជ្វីប (Jewish) ក្នុងកំឡុងពេលការវាយប្រហារមួយ ដែលត្រូវបានគេហៅថា «Kristallnacht ឬ រាត្រីនៃការបែកកញ្ចក់»។
លោក Arnold Schwarzenegger ក៏បានគូសបញ្ជាក់បន្ថែមថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមលុបចោលលទ្ធផលនៃការបោះឆ្នោត និងការបោះឆ្នោតប្រកបដោយយុត្តិធម៌មួយ ជាហេតុនាំឲ្យលោកហៅ លោក ត្រាំ ថាជាមេដឹកនាំដែលបរាជ័យ ដែលតំណែងប្រធានាធិបតីរបស់លោក ត្រាំ ជិតឈានដល់ទីបញ្ចប់ហើយ»។
លោក Arnold Schwarzenegger ក៏បានអំពាវនាវឲ្យមានឯកភាពជាតិ និងបានប្តេជ្ញាគាំទ្រប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ផងដែរ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលលុកលុយវិមានសភាអាមេរិក ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងមានការផ្អាកការរាប់សន្លឹកឆ្នោតជាបណ្តោះអាសន្ន។ ប៉ុន្តែក្រោយមក សមាជិកសភា ក៏បានវិលត្រឡប់មកវិញ និងបានបញ្ជាក់ពីលទ្ធផលរួចជាស្រេចផងដែរ។
គួរបញ្ជាក់ថា មនុស្ស ០៥នាក់បានស្លាប់ ក្នុងនោះរួមមានទាំងមន្រ្តីប៉ូលិស នៅវិមានសភាអាមេរិកផងដែរ។ រីឯក្រុមកុបករជាច្រើននាក់ត្រូវបានចាប់ខ្លួន និងជាច្រើននាក់ផ្សេងទៀត កំពុងត្រូវបានស្វែងរក បន្ទាប់ពីការវាយប្រហារដ៏សាហាវ បានកើតមានឡើងលើវិមានកាពីតូល ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល៕