(ហ្សាការតា)៖ សោកនាដកម្មយន្ដហោះផ្ទុកមនុស្ស ៦២នាក់ ធ្លាក់ចូលក្នុងសមុទ្រនៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បានកើតឡើងនៅចំពេលដែល ក្រុមហ៊ុន Boeing កំពុងហែលឆ្លងពេលវេលាដ៏លំបាក ដោយមុខមាត់ និងកិត្តិយសក្រុមហ៊ុនផលិតយន្ដហោះលំដាប់ពិភពលោក របស់សហរដ្ឋអាមេរិកមួយនេះបានញំញី ដោយសារតែ ការស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះ ជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន។
ខណៈអាជា្ញធរឥណ្ឌូណេស៊ី កំពុងបន្តការស៊ើបអង្កេតរកមូលហេតុ យន្ដហោះដែលបានធ្លាក់ចូលសមុទ្រក្បែររដ្ឋធានីហ្សាការតា គឺជាយន្តហោះប្រភេទ Boeing 737-500 មានអាយុ
កាល ២៦ឆ្នាំហើយមក និងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ព្រមទាំងមានកំណត់ត្រាហោះហើរ ប្រកបដោយសុវត្ថិភាព គ្រោះថ្នាក់ធ្លាក់យន្ដហោះមួយទៀតនេះ កំពុងស្ថិតនៅត្រង់ចំចំណុចកណ្ដាល នៃវិបត្តិរបស់ក្រុមហ៊ុន Boeing ចាប់តាំងពីការធ្លាក់យន្ដហោះម៉ាក Boeing 737 Max ដល់ទៅ ០២គ្រឿងនៅឥណ្ឌូណេស៊ី និងនៅប្រទេសអេត្យូពី។
* តើអ្វីទៅជាមូលហេតុចម្បង ដែលបានបង្កឱ្យយន្ដហោះ Boeing ធ្លាក់នៅឥណ្ឌូណេស៊ី?
មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ី នៅមិនទាន់អាចកំណត់មូលហេតុធ្លាក់ នៃយន្ដហោះមានជើងហោះហើរលេខ SJY182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បាននៅឡើយទេ ស្របពេលពួកគេកំពុងព្យាយាម ស្រង់យកប្រអប់ខ្មៅនៃយន្ដហោះនេះ។ ជើងហោះហើរ SJY182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា ដែលដឹកអ្នកដំណើរ ៥០នាក់ និងក្រុមការងារលើយន្តហោះ ១២នាក់ (សរុប ៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ប៉ុនទាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។
ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល ៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់ ១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។ ការចាកចេញដំណើររបស់យន្ដហោះ នេះធ្វើឡើងអំឡុងពេលឥណ្ឌូណេស៊ី កំពុងរងគ្រោះដោយសារតែភ្លៀងធ្លាក់ខ្លាំង នៃរដូវភ្លៀងមូសុង។
* តើយន្តហោះត្រកូល Boeing 737-500 និងត្រកូល Boeing 737 Max ខុសគ្នាត្រង់ណា?
យន្ដហោះដែលធ្លាក់នៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាប្រភេទយន្ដហោះ Boeing 737-500 ដែលមានអាយុកាល ២៦ឆ្នាំមកហើយ។ យន្ដហោះនេះធ្លាប់ត្រូវបានប្រតិបត្តិការ ដោយក្រុមហ៊ុនអាកាសចរណ៍ ខុនធីណិនថើល (Continental Airlines) និង យូណៃធីដ អ៊ែរឡាញ (United Airlines) មុននឹងប្រគល់ក្រុមហ៊ុន Sriwijaya Air នៅឆ្នាំ២០១២។ នេះបើតាមទិន្និន័យតាមអនឡាញ (Airfleets online database)។
737-500 មិនមានបំពាក់បច្ចេកវិទ្យា នៃប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិ ឬ antistall system ដូចយន្ដហោះស៊េរី Boeing 737 Max នោះទេ។ ប្រព័ន្ធគ្រប់គ្រងលំនឹងស្វ័យប្រវត្តិ (antistall system) នេះឯង ដែលត្រូវបានគេជឿជាក់ថា គឺជាមូលហេតុនៅពីក្រោយការធ្លាក់យន្ដហោះ 737 Max ដល់ទៅ ០២គ្រឿង គឺនៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ ដែលបានផ្ដាច់ជីវិតមនុស្ស ១៨៩នាក់ និងនៅអេត្យូពី ១៥៧នាក់ កាលពីខែមីនា ឆ្នាំ២០១៩។
* តើយន្តហោះត្រកូល Boeing 737-500 នេះមានប្រវត្តិយ៉ាងដូចម្ដេច?
យន្ដហោះ Boeing 737-500 ត្រូវបានបញ្ជាទិញដំបូងចំនួន ២០គ្រឿង ដោយក្រុមហ៊ុន អាកាសចរណ៍ Southwest Airlines កាលពីឆ្នាំ១៩៨៧។ ក៏ប៉ុន្តែដោយសារតែ 737-500 ជាយន្ដហោះស៊េរីចាស់ ទើបក្រុមហ៊ុន សោតវែសត៍ អ៊ែរឡាញ (Southwest Airlines) បានសម្រេចចិត្តបញ្ឈរជើងយន្ដហោះនេះ នៅខែកញ្ញា ឆ្នាំ២០១៦។ 737-500 គឺជាយន្ដហោះដែលធ្លាប់មានកំណត់ត្រា ហោះហើរប្រកបដោយសុវត្ថិភាព ហើយវាស្ថិតនៅក្នុងស៊េរី នៃយន្ដហោះស៊េរី 737-300 និង 737-400 ដែលបានជួបប្រទះសោកនាដកម្មចំនួន ១៩លើក ក្នុងរយៈពេលច្រើនជាង ៣ទសវត្សរ៍មកនេះ ឬក៏អាចនិយាយបានថា សោកនាកម្មមួយលើក តែងតែកើតឡើងជារៀងរាល់ការធ្វើដំណើរបាន ០៤លានដង។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Boeing កាលពីឆ្នាំ២០១៩។
ដោយឡែក របាយការណ៍បណ្ដាញសុវត្ថិភាពអាកាសចរណ៍ (Aviation Safety Network) ក៏បានឱ្យដែរថា យន្ដហោះ 737-500 នេះធ្លាប់ធ្លាក់ចំនួន ០៤លើកក្នុងនោះរួមមាន មានគ្រោះថ្នាក់យន្ដហោះនៅកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩៣, ទុយនីស៊ី ក្នុងឆ្នាំ២០០២ ព្រមទាំងនៅរុស្ស៊ី ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣ ផងដែរ។
* តើក្រុមហ៊ុនអាកាចរណ៍ណាខ្លះ កំពុងប្រតិបត្តិការ Boeing 737-500?
ក្រុមហ៊ុន Boeing ផលិតបានយន្ដហោះម៉ាក 737-500 ចំនួន ៣៨៩គ្រឿង មុននឹងឈប់ផលិតយន្ដហោះស៊េរីនេះ។ បច្ចុប្បន្ន 737-500 នៅសល់ ១០០គ្រឿង ដែលកំពុងត្រួវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍តូចៗ នៅជុំវិញពិភពលោកក្នុងប្រទេសដូចជា៖ អាហ្វហ្គានីស្ថាន, អ៉ីរ៉ង់, នីហ្សេរីយ៉ា, រុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមគេហទំព័រ Planespotters.net។
គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ី កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្រង់យកប្រអប់ខ្មៅនៃយន្ដហោះ Boeing 737-500 បានធ្លាក់ចូលក្នុងសមុទ្រ ក្បែររដ្ឋធានីហ្សារកាតា៕