(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសរកឃើញវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មីនៅលើអ្នកដំណើរចំនួន ០៤នាក់ដែលបានធ្វើដំណើរមកពីរដ្ឋអាម៉ាហ្សូណាស់ (Amazonas) នៃប្រទេសប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលជប៉ុន ក្នុងចំណោមអ្នកដំណើរទាំង ០៤នាក់ដែលបានធ្វើដំណើរមកដល់អាកាសយានដ្ឋានហាណេដា (Haneda) នៃទីក្រុងតូក្យូកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ បុរសម្នាក់មានបញ្ហាពិបាកដកដង្ហើម រីឯស្ត្រីវ័យ៣០ឆ្នាំម្នាក់ មានអាការៈឈឺក្បាលនិងឈឺបំពង់ក ចំណែកឯក្មេងប្រុសវ័យជំទង់ម្នាក់ទៀត មានអាការៈគ្រុនក្តៅ ខណៈក្មេងស្រីវ័យជំទង់ម្នាក់ទៀត មិនមានរោគសញ្ញាអ្វីទាំងអស់។ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ នៅឯអាកាសយានដ្ឋាននៃទីក្រុងតូក្យូ។
គួរបញ្ជាក់ថា វីរុសកូវីដ-១៩ទម្រង់ថ្មីខាងលើ ហាក់ខុសគ្នាពីវីរុសទម្រង់ថ្មីផ្សេងទៀត ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងនៅអាហ្វ្រិកខាងត្បូង។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន NHK ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស មានចំនួន ២៨៩,០០០ករណី ក្នុងនោះអ្នកស្លាប់ចំនួន ៤,០៦១នាក់៕