(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ ដែលនេះនឹងកាន់តែជួយពង្រឹង អំណាចផ្ដាច់មុខរបស់លោក នៅកូរ៉េខាងជើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការបោះឆ្នោតជ្រើសតាំងលោក គីម ជុងអ៊ុន ឲ្យធ្វើជាអគ្គលេខាធិការនៃគណបក្សពលករ ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នាឱកាសនៃសមាជបក្សកាន់អំណាចមួយនេះ។ KCNA បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សមាជបក្សពលករ បានអនុម័តយ៉ាងពេញលេញ លើសំណើដំឡើងតំណែងឱ្យលោក គីម ធ្វើជាអគ្គលេខាធិការគណបក្ស ហើយដែលនេះគឺជាតំណែងស្មើនឹង ប្រមុខដឹកនាំបដិវត្តន៍ មគ្គុទេសក៍ និងឯកភាពជាតិ»

គួរបញ្ជាក់ថា បច្ចុប្បន្នលោក គីម ជុងអ៊ុន មានអំណាចផ្ដាច់មុខសឹងតែម្នាក់ឯងទៅហើយ នៅកូរ៉េខាងជើង ចាប់តាំងពីឪពុករបស់លោក គឺលោក គីម ជុងអ៉ីល បានទទួលមរណភាព កាលពីចុងឆ្នាំ២០១១។ នៅក្នុងឆ្នាំ២០១២ គណបក្សពលករបានតែងតាំងលោក គីម ជុងអ៉ីល ជាអគ្គលេខាធិការបក្សជារៀងរហូត (eternal general secretary) ហើយបានតែងតាំងលោក គីម ជុងអ៊ុន ជាលេខាទី១ (first secretary) នៃគណបក្ស៕