(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានអះអាងថា សភានឹងរៀបចំដំណើរការនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង ដោយលោកស្រីចាត់ទុកថា ត្រាំ ជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការប៉ះទង្គិចដោយហិង្សា នៅក្នុងវិមានសភាអាមេរិក កាលពីសប្តាហ៍មុន ដែលបានបង្កឲ្យមនុស្សមួយចំនួនបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
លោកស្រី ផេឡូស៊ី បានលើកឡើងថា សេចក្តីប្រកាសនេះត្រូវបានបញ្ជូន ទៅដល់សមាជិកសភានានារួចហើយ ដោយសភានឹងដើរតួនាទីយ៉ាងបើកចំហ ប៉ុន្តែនៅក្នុងដំណើរការយ៉ាងបន្ទាន់មួយ ព្រោះថាសភាអាចមានពេល តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅមុនប្រធានាធិបតីថ្មីស្បថឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោកស្រី ផេឡូស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីជាកិច្ចការពារដល់រដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ យើងនឹងចេញសកម្មភាពជាបន្ទាន់ ពីព្រោះប្រធានាធិបតីរូបនេះ (ត្រាំ) កំពុងតែបង្ហាញការគំរាមកំហែងចំពោះរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ ព្រមៗគ្នាតែម្តង។ ភាពភ័យខ្លាចចំពោះការវាយប្រហារ ទៅលើលទ្ធិប្រជាធិបតេយ្យ ដោយប្រធានាធិបតីរូបនេះកាន់តែកើនឡើង ដូច្នេះយើងក៏ត្រូវចេញសកម្មភាព ទប់ទល់ឲ្យបានឆាប់រហ័សដែរ»។
គួរបញ្ជាក់ថា ចំពោះមុខចេតនានៃការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង ដែលកំពុងតែផុសផុលឡើងនោះ សមាជិកព្រឹទ្ធសភាអាមេរិកពីររូប មកពីគណបក្សសាធារណរដ្ឋ ក៏បានណែនាំឲ្យលោក ដូណាល់ ត្រាំ លាលែងចេញពីតំណែងជាបន្ទាន់ផងដែរ។ ដោយឡែកសមាជិកសភានៃបក្សប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមពិភាក្សាអំពីដំណើរការទម្លាក់ប្រធានាធិបតីពីអំណាច នៅថ្ងៃចន្ទ ឬយ៉ាងយូរបំផុតថ្ងៃអង្គារសប្តាហ៍នេះហើយ (ពេលវេលានៅវ៉ាស៊ីនតោន)៕