(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចម៉ាឡេស៊ី លោក មូស្ដាហ្វា មហំាម៉ាត់ (Mustapa Mohamed) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។
ការិយាល័យរបស់លោក មូស្ដាហ្វា មហំាម៉ាត់ បានឱ្យដឹងទៀតថា លទ្ធផលតេស្ដវិជ្ជមាន COVID-19 របស់លោក មូស្ដាហ្វា ត្រូវបានទទួលស្គាល់ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីលោកទទួលបានការធ្វើតេស្ដ នៅពេលលោកធ្វើដំណើរពីទីក្រុងគូឡាឡាំពួរ មកដល់ទីក្រុង Kota Bharu។ លោក មូស្ដាហ្វា បច្ចុប្បន្ន មានស្ថានភាពសុខភាពល្អធម្មតា និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រ៉ាចា ប៉េរឹមពូអាន់ ហ្សៃណប់ (Raja Perempuan Zainab II Hospital) ក្នុងទីក្រុង Kota Bharu។ លោក មូស្ដាហ្វា ក៏ធ្លាប់បានធ្វើតេស្ដ អវិជ្ជមាន COVID-19 ម្ដងរួចមកហើយកាលពីថ្ងៃទី០១ ខែមករាកន្លងទៅ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ម៉ាឡេស៊ី គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មានអ្នកឆ្លង COVID-19 ១៣៣,៥៥៩នាក់ ក្នុងនោះស្លាប់ ៥៤២នាក់ និងជាសះស្បើយ ឡើងវិញ ១០៦,៨៣២នាក់៕