(វ៉ាស៊ីនតោន)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោក កំពុងអភិវឌ្ឍសព្វាវុធថ្មីៗ ក្នុងនោះរួមមានទាំងនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ, អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពកម្ទេចប្រព័ន្ធខែលការពារមីស៊ីលនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយ ក្នុងសមាជគណបក្សពលករកូរ៉េ នៅឯរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ម្សិលមិញ និងជាង១សប្តាហ៍ទៀត ប៉ុណ្ណោះ មុននឹងលោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក គីម បានគូសបញ្ជាក់ដូច្នេះថា៖ «ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក្នុងនោះរួមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ, អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរ នឹងត្រូវដើរទៅមុខជានិច្ច ដោយ គ្មានការរំខានអ្វីឡើយ...ខណៈបច្ចេកវិទ្យាពាំក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន កំពុងស្ថិតក្រោមអភិវឌ្ឍក្នុងដំណាក់កាលចុងក្រោយ»។
គួរបញ្ជាក់ថា បើតាមលោក គីម ជុងអ៊ុន ទោះបីជានរណា នឹងត្រូវឡើងធ្វើជាប្រធានាធិបតីក៏ដោយ ក៏ធម្មជាតិពិតប្រាកដនៃនយោបាយអាមេរិក ដែលប្រឆាំងកូរ៉េខាងជើង នឹងគ្មានថ្ងៃផ្លាស់ប្តូរនោះឡើយ។ ដូច្នេះកូរ៉េខាងជើង ត្រូវតែបន្តអភិវឌ្ឍអាវុធរបស់ខ្លួន ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។ ការលើកឡើងបែបនេះរបស់លោក គីម ហាក់ដូចជា បង្ហាញថាយុទ្ធសាស្ត្ររបស់លោក ដូណាល់ ត្រាំ ក្នុងនោះរួមមានកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង និងការជួបដោយផ្ទាល់ជាមួយលោក គីម បានបរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យ កូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ៕