(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បាននិយាយថាពួកគេ បានរកឃើញហើយនូវទីតាំងដែលយន្ដហោះដឹកអ្នកដំណើរ Boeing 737-500 បានធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពី ពីហោះចេញបានបន្តិចពីរដ្ឋធានីហ្សាការតា កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ១០ ខែមករា ឆ្នាំ២០២១។
ប្រតិបត្តិការតាមរកយន្ដហោះដែលធ្លាក់ខាងលើ ត្រូវបានផ្អាកកាលពីយប់ថ្ងៃសៅរ៍ ហើយវានឹងត្រូវចាប់ផ្ដើមជាថ្មី នៅព្រឹកថ្ងៃអាទិត្យ ដោយមានការចូលរួមពីនាវាចំនួន១០គ្រឿង និងក្រុមអ្នកមុជទឹក។ អាជ្ញាធរឥណ្ឌូណេស៊ី បានរកឃើញហើយនូវទីតាំងដែលយន្ដហោះដឹកអ្នកដំណើរ Boeing 737-500 បានធ្លាក់ចូលក្នុងសមុទ្រ ក្រោយពួកគេបានវិភាគទៅ បំណែកមួយចំនួនដែលពួកគេជឿជាក់ថាជារបស់យន្ដហោះមួយនេះ។
យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារ យន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។
ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។
គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ។ ដោយឡែក ពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្រ្គោះ អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យថាអាចជាបំណែកយន្តហោះ នៅម្តុំបរិវេណដែលយន្តហោះបាត់ចេញពីរ៉ាដា គឺតំបន់កោះឥណ្ឌូណេស៉ីហៅថា កោះឡានខាង (Lancang) ខណៈក្នុងចំណោមមនុស្សទាំង៦២នាក់ដែលជិះលើយន្តហោះ មិនទាន់អាចត្រូវបានដឹងច្បាស់ថា មានអ្នកនៅរស់ដែរឬយ៉ាងណានោះទេ៕