(ហ្សាការតា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានបាត់ដំណឹងនៅមុននេះបន្តិច ក្រោយហោះចេញពីរដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសនៅល្ងាចថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច (West Kalimantan)។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី យន្តហោះខាងលើនេះជាប្រភេទ Boeing 737-500 មានអាយុកាលធ្វើប្រតិបត្តិការ ២៦ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងនៅហ្សាការតា)។ សម្រាប់ចំនួនអ្នកដំណើរ និងអ្នកបម្រើការងារលើនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕