(តេហេរ៉ង់)៖ ក្រោយមួយថ្ងៃនៃការប្រកាសរបស់ ប្រមុខដឹកនាំកំពូលអ៉ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី មិនឲ្យនាំចូល និងទិញវ៉ាក់សាំង COVID-19 ពីសហរដ្ឋអាមេរិក និងអង់គ្លេស ប្រធានាធីបតីអ៉ីរ៉ង់លោក ហាសាន រួហានី ក៏បានដាក់ចេញនូវបំរាមថ្មីមួយបន្ថែមទៀតដែរ នោះគឺអ៉ីរ៉ង់មិនឲ្យក្រុមហ៊ុនបរទេសណាមួយ យកប្រជាជនខ្លួនទៅធ្វើតេស្ត វ៉ាក់សាំងរបស់ពួកគេនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
លោកប្រធានាធិបតីអ៉ីរ៉ង់ ហាសាន រួហានី បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុន ឬប្រទេសណាមួយ យ៉ាងដូច្នេះថា «ក្រុមហ៊ុនបរទេសនានា បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្តល់វ៉ាក់សាំងរបស់ពួកគេឲ្យយើង ដូច្នេះពួកគេអាចធ្វើតេស្តវ៉ាក់សាំងទាំងនោះ លើប្រជាជនយើងបាន ប៉ុន្តែក្រសួងសុខាភិបាលបានទប់ស្កាត់រឿងនេះហើយ»។
លោកប្រធានាធិបតីអ៉ីរ៉ង់បានសង្កត់ធ្ងន់ថា «ប្រជាជនរបស់យើង នឹងមិនត្រូវក្លាយជាឧបករណ៍ធ្វើតេស្ត សម្រាប់ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងនោះឡើយ»។ ដោយឡែកមេដឹកនាំកំពូលអ៉ីរ៉ង់លោក ខាមេនី បានថ្លែងកាលពីថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិក និងអង់គ្លេស គឺសុទ្ធតែជាប្រទេសដែលមិនគួរឲ្យទុកចិត្ត៕