(បាងកក)៖ នៅថ្ងៃសៅរ៍នេះប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន២១២ករណីថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនលើស ១០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
លោក ថាវីស៉ីន វីសានុយ៉ូធីន (Taweensin Visanuyothin) អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រប់ស្ថានការណ៍ COVID-19 របស់ថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន១៩៣ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ ហើយ១៩ករណីទៀត គឺជាអ្នកដែលទើបធ្វើដំណើរ ត្រឡប់មកពីក្រៅប្រទេស។
គួរបញ្ជាក់ថា មកទល់ឥឡូវ ថៃបានរកឃើញករណីឆ្លងសរុប ១០,០៥៣ករណី ដោយក្នុងនោះជាង ៥,០០០ករណី ត្រូវបានរាយការណ៍ ចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ នៅពេលការរាតត្បាតរលកទី២នៃ COVID-19 បានផ្ទុះឡើងចេញពីខេត្តសាមុតសាខន (Samut Sakhon)។ សម្រាប់ចំនួនអ្នកជំងឺដែលបានជះសះស្បើយ មាន៥,៥៤៦នាក់ ចំណែកអ្នកស្លាប់មាន៦៧នាក់៕