(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះឃ្លីបវីដេអូមួយរបស់យោធាចិន ត្រូវបានបង្ហោះលើវែបសាយ YouTube ដែលវាជាវីដេអូថ្មីប្រចាំឆ្នាំ២០២១នេះ សម្រាប់ទាក់ទាញឲ្យមានការចូលបម្រើកងទ័ពអាកាសចិន។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

ឈុតឆាកក្នុងឃ្លីបវីដេអូខាងលើភាគច្រើនមានលក្ខណៈជា CGI គឺបង្កើតឡើងដោយប្រព័ន្ធកុំព្យូទ័រ មិនមែនជាឈុតឆាកពិតជាក់ស្តែងឡើយ ហើយផ្តោតទៅលើយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់ចិន Chengdu J-20 ដែលគេចាត់ទុកថាស្រដៀងនឹងយន្តហោះចម្បាំង F-22 Raptor របស់អាមេរិក។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំងចិនដទៃទៀតដែរដូចជា J-10 ជាដើម។

ក្នុងវីដេអូនោះ ក៏មានឈុតដែលរំឭកពីការធ្វើសកម្មភាពយោធាលើកដំបូងរបស់កងទ័ពអាកាសចិន អំឡុងសម័យសង្រ្គាមកូរ៉េផងដែរ នៅពេលដែលយោធាចិនបានបង្កើតកងទ័ពស្ម័គ្រចិត្តនៅក្រោមការបញ្ជារបស់កូរ៉េខាងជើង ហើយយន្តហោះចម្បាំងសូវៀត MiG-15 របស់កងទ័ពអាកាសចិន ប្រឈមមុខគ្នាជាមួយយន្តហោះចម្បាំងអាមេរិក។

ប៉ុន្តែចំណុចមនុស្សភាគច្រើនចាប់អារម្មណ៍ជាងគេ គឺនៅចុងបញ្ចប់នៃវីដេអូ ដែលជាវត្តមានយន្តហោះអាថ៌កំបាំងមួយគ្រឿង លាក់នៅក្រោមក្រណាត់មួយផ្ទាំង ប៉ុន្តែវាក៏ជាឈុតបែប CGI ដែរ។ យន្តហោះនោះត្រូវគេសង្ស័យថាជា យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីរបស់ចិន H-20។ បើតាមរូបរាងនៅក្រោមផ្ទៃក្រណាត់ ហើយនិងការបង្ហើបឲ្យឃើញបន្តិចនូវផ្នែកខាងមុខរបស់វា យន្តហោះទម្លាក់គ្រាប់បែកចិន H-20 នេះ ទំនងជាមានការរចនាស្រដៀងទៅនឹង យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-2 Spirit និង B-21 Raider ដូចសេចក្តីរាយការណ៍កន្លងមកមែន។

B-21 Raider ជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់អាមេរិក ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍដូច H-20 ដែរ ហើយមកទល់ពេលនេះ ដូចជាមិនទាន់មានរូបភាពពិតប្រាកដណាមួយរបស់ពួកវានៅឡើយទេ។ យន្តហោះទាំងពីរ នឹងមានសមត្ថភាពធ្វើប្រតិបត្តិការរយៈចម្ងាយវែង ហើយអាចផ្ទុកគ្រាប់បែកធម្មតា ឬគ្រាប់បែកនុយក្លេអ៊ែរ ព្រមទាំងមីស៉ីលគ្រូស (cruise missile)។

គួរបញ្ជាក់ថា បច្ចុប្បន្ន យន្តហោះ Xian H-6 ជាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយតែមួយគត់របស់ចិន ហើយវាត្រូវបានកែច្នៃចេញមកពី យន្តហោះ Tu-16 Badger កាលពីសម័យសូវៀតទសវត្សរ៍ឆ្នាំ១៩៦០ ឯណោះ។ ក្រៅពី H-20 ចិនក៏ទំនងជាកំពុងអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយមួយទៀតផងដែរ ដែលមានឈ្មោះបណ្តោះអាសន្នថា J/H-XX ប៉ុន្តែពត៌មានអំពីយន្តហោះនេះមិនត្រូវបានដឹងច្បាស់ទេ៕