(ម៉ុមបៃ)៖ ទារក ១០នាក់បានបាត់បង់ជីវិត ក្រោយពីអគ្គីភ័យបានឆាបឆេះ បន្ទប់គាំពារមាតា និងទារកស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋ មហារាស្ត្រា (Maharashtra) របស់ប្រទេសឥណ្ឌានៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងញូដេលី)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យខាងលើនេះបានប្រាប់ AFP ថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងជួយសង្គ្រោះ ទារកដែលទើបនឹងកើតបានចំនួន ០៧នាក់ ប៉ុន្តែទារក ១០នាក់ទៀតមិនត្រូវបានជួយសង្គ្រោះទាន់់ពេលឡើយ ព្រោះតែអគ្គីភ័យមានស្ថានភាពអាក្រក់ខ្លាំងពេក។ ទារកដែលបាត់បង់ជីវិត ទាំងនោះត្រូវបានគេអះអាងថា ខ្លះមានអាយុទើបពីរបីថ្ងៃ និងខ្លះទៀតមានអាយុដល់ ០៣ខែ។
គួរបញ្ជាក់ថា មូលហេតុដែលបានបង្កទៅជាគ្រោះអគ្គីភ័យខាងលើនេះ នៅមិនទាន់ត្រូវបានរកឃើញឡើយ ប៉ុន្តែបើតាមបុគ្គលិកពេទ្យដែលបានឃើញ ហេតុការណ៍ដំបូងៗបានអះអាងថា ពួកគេបានឃើញផ្សែងហុយមុនគេ ចេញពីបន្ទប់រក្សាទារកដែលទើបនឹងកើត។ ក្រុមគ្រូពេទ្យឥណ្ឌាបានអះអាងថា ទារកភាគច្រើនបានបាត់បង់ជីវិត ព្រោះតែឈ្លក់ផ្សែង៕