(អាមេរិក)៖ ចៅក្រមម្នាក់នៅសហរដ្ឋអាមេរិកនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានកាត់ក្តីប្រឆាំងនឹង កិច្ចប្រឹងប្រែងចុងក្រោយបំផុត នៃរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការព្យាយាមដាក់ការរឹតត្បិត លើផ្នែកអន្តោប្រវែសន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
ចៅក្រមម្នាក់ឈ្មោះ ចេមស៍ ដាណាតូ (James Danato) នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វរញ៉ា បានសម្រេចឈរនៅខាងក្រុមសកម្មជន ដែលបានដាក់ពាក្យប្តឹង ប្រឆាំងផែនការរឹតត្បិតផ្នែកអន្តោប្រវេសន៍របស់រដ្ឋាភិបាលអាមេរិក ដោយថារដ្ឋមន្រ្តីសន្តិសុខមាតុភូមិស្តីទី លោក ឆាដ វូលហ្វ៍ (Chad Wolf) មិនមានអំណាចគ្រប់គ្រាន់ ដើម្បីដាក់ឲ្យអនុវត្តន៍គោលការណ៍រឹតត្បិតថ្មីនេះឡើយ។
គួរបញ្ជាក់ថា សំណើផែនការស្តីពីការរឹតត្បិតលើ បញ្ហាស្នើសុំសិទ្ធិជ្រកកោន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ ត្រូវបានប្រកាសជាលើកដំបូង ដោយក្រសួងសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌អាមេរិក នៅក្នុងឯកសារមួយមាន ៤១៩ទំព័រ កាលពីខែធ្នូ ឆ្នាំ២០២០៕