(អាមេរិក)៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ប្រហែលជាអាចផ្តល់ការការពារប្រឆាំងវីរុស COVID-19 ទម្រង់ថ្មីមួយចំនួន ដែលត្រូវបានគេរកឃើញដំបូង នៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
ការសិក្សាស្រាវជ្រាវមួយរបស់ផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យរដ្ឋតិចសាស់ បានពិសោធន៍ឃើញថា អង់ទីករក្នុងឈាមដែលមនុស្ស ដែលត្រូវបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech អាចកម្ចាត់វីរុស COVID-19 ទម្រង់ថ្មី ដែលបង្កើតឡើងនៅឯក្នុងមន្ទីរពិសោធន៍បាន ដូច្នេះហើយពួកគេជឿជាក់ថា វ៉ាក់សាំងរបស់ Pfizer-BioNTech ទំនងជាអាចការពារវីរុស COVID-19 ទម្រង់ថ្មីមួយចំនួន ដែលត្រូវបានគេរកឃើញដំបូង នៅអង់គ្លេស និងអាហ្រ្វិកខាងត្បូង។
គួរបញ្ជាក់ថា ការលេចឡើងនៃវីរុស COVID-19 ទម្រង់ថ្មីនៅចក្រភពអង់គ្លេស និងនៅអាហ្រ្វិកខាងត្បូងនាពេលកន្លងទៅ បានបង្កក្តីបារម្ភជាខ្លាំង ដោយមនុស្សភាគច្រើនភ័យខ្លាចថា វ៉ាក់សាំងទាំងប៉ុន្មាន ដែលគេបានបញ្ចេញឲ្យប្រើប្រាស់កន្លងមកនេះ មិនអាចទប់ទល់ជាមួយពួកវាបាន ហើយវីរុសទម្រង់ថ្មីទាំងនោះ ហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័ស ជាងវីរុស COVID-19 ទម្រង់ធម្មតាៗ៕