លោក ដូណាល់ ត្រាំ ប្រកាសទុកជាមុនថា «មិនចូលរួម» ពិធីស្បថឡើងកាន់តំណែង របស់លោក ចូ បៃដិន (Video inside)
09-01-2021 10:04
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ គឺលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បាននិយាយថា លោកនឹងមិនទៅចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករានោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
លោក ត្រាំ បានប្រកាសយ៉ាងដូច្នេះថា «សម្រាប់អ្នកទាំងឡាយដែលបានសួរខ្ញុំ គឺខ្ញុំនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែមករា នោះទេ»។ តាមទម្លាប់ ប្រធានាធិបតីដែលផុតអាណត្តិ និងប្រធានាធិបតីថ្មីដែលជាប់ឆ្នោត គឺតែងតែធ្វើដំណើរទៅកាន់វិមានសភាអាមេរិក (Capitol Hill) រួមគ្នា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែង ដែលវាគឺជានិមិត្តសញ្ញា តំណាងឲ្យការផ្ទេរអំណាចដោយសន្តិវិធី។
គួរបញ្ជាក់ថា ប្រការនេះនឹងធ្វើឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីដំបូងគេ គិតចាប់តាំងពីសម័យលោក អាន់ឌ្រូ ចនសុន (Andrew Johnson) ដែលមិនទៅចូលរួមពិធី ស្បថចូលកាន់តំណែងរបស់អ្នកបន្តវេន។ ចំណែកលោក បៃដិន បាននិយាយថា អវត្តមានរបស់លោក ត្រាំ នឹងជារឿងល្អ ក៏ប៉ុន្តែលោកស្វាគមន៍វត្តមានរបស់ អនុប្រធានាធិបតីអាមេរិកគឺលោក ម៉ៃក៍ ភែន (Mike Pence) ប្រសិនបើលោក Pence សម្រេចចិត្តចូលរួម៕
http://image.freshnewsasia.com/2020/id-025/fn-2021-01-09-10-04-16-3.jp