(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលផុតលេខ នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងជាលើកដំបូងថា «សហរដ្ឋអាមេរិក គឺជាសត្រូវដ៏ធំបំផុត» របស់ប្រទេសលោក ហើយនយោបាយគគ្លើនរបស់អាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនអាចផ្លាស់ប្តូរ ដោយសារតែប្រធានាធិបតីថ្មីនោះឡើយ។ នេះបើតាម CNA ដកស្រង់ការផ្សាយចេញពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង CNA នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
នៅក្នុងសមាជគណបក្សពលករកូរ៉េ ក្នុងរដ្ឋធានីព្យុងយ៉ាង លោក គីម ជុងអ៊ុន ក៏បានគូសបញ្ជាក់ផងដែរថា ការបោះចោលនយោបាយបង្កបញ្ហានានា នឹងក្លាយជាគន្លឹះដ៏សំខាន់ ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានប្រសើរឡើងវិញ។ ការថ្លែងបែបនេះ បានកើតមានឡើងនៅមុនរយៈពេលជាង ១សប្តាហ៍ ដែលលោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
KNCA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ថ្លែងក្នុងសមាជដ៏កម្រ នៃបក្សពលករកូរ៉េយ៉ាងដូច្នេះថា «សកម្មភាពនយោបាយការបរទេសរបស់យើង គួរតែផ្តោត និងបង្វែទិសដៅទៅរកការបង្ក្រាបសហរដ្ឋអាមេរិក ដែលជាសត្រូវធំបំផុត និងជាឧបសគ្គចម្បងចំពោះការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតរបស់យើង។ ទោះបីជានរណា នឹងត្រូវឡើងធ្វើជាប្រធានាធិបតីក៏ដោយ ក៏ធម្មជាតិពិតប្រាកដនៃនយោបាយអាមេរិក ដែលប្រឆាំងកូរ៉េខាងជើង នឹងគ្មានថ្ងៃផ្លាស់ប្តូរនោះឡើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនទាន់ធ្វើការឆ្លើយតប ចំពោះការលើកឡើងពីសំណាក់ប្រមុខដឹកនាំកំពូល នៃកូរ៉េខាងជើងខាងលើនេះនៅឡើយទេ។ ទោះជាបែបនេះក្តី កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ចូ បៃដិន បានបង្ហាញជំហរប្រឆាំងយ៉ាងខ្លាំងក្លាយរួចទៅហើយ ចំពោះគោលយោបាយរបស់លោក ដូណាល់ ត្រាំ ដែលបាននាំសហរដ្ឋអាមេរិក ទៅស្និទ្ធនឹងប្រទេសកូរ៉េខាងជើង៕