(ឡុងដ៍)៖ ប៉ូលីសអង់គ្លេស កំពុងស្វែងរកបុរសម្នាក់ ដែបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ ជូនស្ត្រីវ័យ ៩២ឆ្នាំម្នាក់ ក្នុងតម្លៃ ១៦០ផោន(ប្រហែល ២១៧ដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅយប់ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
ប៉ូលីសរបស់ទីក្រុងឡុងដ៍បាននិយាយថា ជនរងគ្រោះដែលអ្នករស់នៅក្នុងតំបន់ Surbiton ស្ថិតភាគនិរតីនៃទីក្រុងឡុងដ៍ បានអនុញ្ញាតឲ្យបុរសខាងលើ ចូលក្នុងផ្ទះរបស់គាត់ កាលពីថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីបុរសនោះ បានអះអាងថាជាបុគ្គលិកចែកចាយវ៉ាក់សាំងរបស់កន្លែងផ្តល់សេវាសុខភាពជាតិ ហៅកាត់ថា NHS ។
ស្ត្រីវ័យ ៩២ឆ្នាំរូបនេះ បាននិយាយថា គាត់ត្រូវបានចាក់នៅនឹងដៃ ដោយប្រើឧបករណ៍ដែលមើលទៅដូចជាព្រួញ ហើយត្រូវបានបង្ខំឲ្យបង់ប្រាក់ចំនួន ១៦០ផោន ដែលបុរសនោះបានអះអាងថា ប្រាក់ទាំងនេះ នឹងត្រូវបង់ចូលទៅ NHS។ ប៉ូលីសបាននិយាយថា វាមិនច្បាស់ទេថាតើសារធាតុអ្វី ដែលបុរសនោះយកមកចាក់ជូនស្ត្រីជនរងគ្រោះ។ ទោះជាយ៉ាងណា មិនមានការលេចចេញនូវផលប៉ះពាល់អ្វីនោះទេ៕