(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃក្រនេះបានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១០,៦១៧ករណីបន្ថែមទៀត ដែលជាករណីឆ្លងប្រចាំថ្ងៃបំផុតមិនធ្លាប់មាន ខណៈករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៨០៨,៣៤០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
ក្រៅពីអ្នកឆ្លងថ្មីៗ ប្រទេសឥណ្ឌូនេស៊ី ក៏បានកត់ត្រានូវអ្នកស្លាប់ថ្មីៗចំនួន ២៣៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៣,៧៥៣នាក់ ខណៈអ្នកជំងឺ ៧,៤៤៦នាក់ផ្សេងទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៦៦៦,៨៨៣នាក់។
គួរបញ្ជាក់ថា ជំងឺឆ្លងរាតត្បាតសកល (COVID-19) បានឆ្លង និងរីករាលដាលពាលពេញខេត្តទាំង៣៤ របស់ប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី គឺកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត៕