(ព្រុចស៊ែល)៖ ប្រធានគណៈកម្មការអ៊ឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយទៀត ជាមួយក្រុមហ៊ុនផលិតឱសថ Pfizer-Biotech សម្រាប់ការទិញវ៉ាក់សំាងចំនួន ៣០០លានដូសបន្ថែមនៅថ្ងៃសុក្រនេះ ក្នុងកម្មភាពមួយ ដែលនឹងផ្តល់ជូនប្លុកមួយនេះ ជិតពាក់កណ្តាលនៃទិន្នផលវ៉ាក់សាំង សរុបសម្រាប់ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនអាចនឹងផលិតវ៉ាក់សាំង COVID-19 បាន រហូតដល់ទៅ ១.៣ពាន់លានដូសនៅជុំវិញពិភពលោកនៅឆ្នាំ២០២១នេះ។ កិច្ចព្រមព្រៀងថ្មីជាមួយសហភាពអ៊ឺរ៉ុប ធ្វើឡើងសម្រាប់ការបញ្ជាទិញបន្ថែមចំនួន ៣០០លានដូស។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រនេះយ៉ាងដូច្នេះថា«ឥឡូវនេះយើងបានព្រមព្រៀងជាមួយក្រុមហ៊ុន BioNTech និងក្រុមហ៊ុន Pfizer ដើម្បីបន្តកិច្ចសន្យាទិញវ៉ាក់សាំង ចំនួន ៣០០លានដូសបន្ថែមទៀត»។
ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ទៀតថា ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលសហភាពអ៊ឺរ៉ុបបង្កើនការបញ្ជាទិញទ្វេដង ពីក្រុមហ៊ុន Pfizer ដែលមានចំនួនសរុប ៦០០ លានដូស ខណៈដែលប្រទេសសមាជិកទាំង ២៧ប្រទេស កំពុងបង្កើនការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនទាំង ៤៥០លាននាក់។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថ Pfizer ក៏បានយល់ព្រមលក់វ៉ាក់សាំងរបស់ខ្លួន ដល់សហរដ្ឋអាមេរិក រហូតដល់ទៅ ៦០០លានដូសផងដែរ ក្នុងនោះ ២០០លានដូស ត្រូវបានបញ្ជាទិញរួចហើយ។ ចំណែកឯ ១២០លានដូសទៀត ត្រូវបានបម្រុងទុកសម្រាប់ជប៉ុននៅឆ្នាំនេះ និង ៤០លានសម្រាប់ចក្រភពអង់គ្លេស៕