(ឌូបៃ)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) នៅថ្ងៃសុក្រនេះបានប្រកាសហាមឃាត់ មិនឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់នាំចូល ឬក៏បញ្ជាទិញវ៉ាក់សាំង COVID-19 ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដាច់ខាត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Ali Khamenei បានលើកឡើងយ៉ាងដូច្នេះថា «ការនាំចូលវ៉ាក់សាំងពីសហរដ្ឋអាមេរិក និងអង់គ្លេស ចូលមកក្នុងប្រទេសអ៉ីរ៉ង់នឹងត្រូវបានហាមឃាត់។ ខ្ញុំបានប្រាប់រឿងនេះទៅក្រុមមន្ត្រីទាំងអស់រួចហើយ ហើយនៅពេលនេះខ្ញុំសូមប្រកាសជាសាធារណៈ»។ មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះមិនបានបញ្ជាក់ ឱ្យច្បាស់ពីបំរាមខាងលើរបស់លោកនោះទេ ដោយគ្រាន់តែបន្ថែមថា «បើសិនជាសហរដ្ឋអាមេរិកមានសមត្ថភាពផលិតបានវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពពិតមែន ម៉្លេះសមពេលនេះពួកគេនឹងជួបគ្រោះមហន្តរាយដោយសារ COVID-19 នៅក្នុងប្រទេសរបស់ពួកគេឡើយ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមពេលនេះអ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ១,២៦៨,២៦៣ករណី ក្នុងនោះស្លាប់ ៥៥,៩៣៣នាក់ និងជាសះស្បើយឡើងវិញ ១,០៥០,៥៥៣នាក់។ កន្លងមកសារព័ត៌មានជាច្រើនបានចុះផ្សាយរួចទៅហើយថា វ៉ាក់សាំងដែលអ៉ីរ៉ង់ទិញនោះ គឺជាផលិតផលរបស់រុស្ស៊ី និងចិន ដែលជាសម្ព័ន្ធមិត្តធំៗរបស់ប្រទេសនេះ៕