Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយប្រហាររដ្ឋចំនួន ៥ របស់ប្រទេសម៉ាឡេស៊ី, មនុស្សសរុប ៤៦,០០០នាក់ត្រូវជម្លៀស

08-01-2021 16:53

(គូឡាឡាំពួ)៖ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ នៅតាមបណ្តារដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៉ី បានបង្ខំឲ្យមនុស្សរហូតដល់ ៤៦,០០០នាក់ហើយ ត្រូវព្រាត់ប្រាសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

ទិន្នន័យពីក្រសួងសង្គមកិច្ចម៉ាឡេស៉ីបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃសុក្រនេះ រដ្ឋផាហាង (Pahang), ទែរែងហ្គានូ (Terengganu), កេឡាន់តាន់ (Kelantan), ភែរ៉ាក (Pera), និង ចូហរ (Johor) បានជួបប្រទះការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាបំផុត ហើយក្នុងចំណោមនោះរដ្ឋ Pahang រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមនុស្សសរុប ២៦,២៥០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ហើយកម្រិតកម្ពស់ទឹកនៅក្នុងដងទន្លេចំនួន ០៣ បានកើនលើសពីកម្រិតគ្រោះថ្នាក់ថែមទៀត។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅម៉ាឡេស៉ីក៏បានកើនដល់យ៉ាងតិច ០៦នាក់ផងដែរ។ ទន្ទឹមគ្នានេះអាជ្ញាធរឧតុនិយមម៉ាឡេស៉ី បានចេញសេចក្តីប្រកាសអាសន្នថា ស្ថានភាពអាកាសធាតុអាក្រក់ និងការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ នឹងទំនងជានៅបន្តរហូតដល់យ៉ាងហោចថ្ងៃទី១២ ខែមករា៕