(វ៉ាស៊ីនតោន)៖ អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ហ្ការី ឡក់ (Gary Locke) បាននិយាយថា ចិនកំពុងលួចសើចចំអកឱ្យសហរដ្ឋអាមេរិក ដែលមិនសក្តិសមជាប្រទេស គំរូខាងលទ្ធិប្រជាធិបតេយ្យទាល់តែសោះ ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានបង្កចលាចល តាមរយៈការសម្រុកចូលអុកឡុកវិមានសភាអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
ការលើកឡើងខាងលើរបស់លោក Gary Locke ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីក្រុមកុបករគាំទ្ររូបលោក កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ពួកគេបានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួល ស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកថ្មី។ បើតាមប៉ូលិសអាមេរិក មនុស្សសរុបចំនួន ០៤នាក់បានស្លាប់នៅក្នុងភាពចលាចលនេះ ខណៈជាង ៥០នាក់ទៀតត្រូវបានចាប់ខ្លួន។
លោក Gary Locke បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កំពុងលួចសើចចំអកឱ្យពួកយើង និងនិយាយថាពួកយើងមិនសមជាប្រទេសគំរូខាងប្រជាធិបតេយ្យ, ប្រទេសគួរឱ្យគោរព និងមានស្ថិរភាពទាល់តែសោះ។ មិនតែប៉ុណ្ណោះ អ្វីដែលពួកគេយើងតែងតែបង្រៀនពិភពលោកកន្លងមក បានក្លាយជារឿងគួរឱ្យអាម៉ាស់»។
គួរបញ្ជាក់ថា អំពើហិង្សា និងភាពចលាចលនៅឯវិមានសភាអាមេរិក ដោយសារតែការអុកឡុករបស់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីបណ្តាមេដឹកនាំពិភពលោកជាច្រើន ដោយពួកគេចាត់ទុកថា វាគឺជាការវាយប្រហារលើប្រជាធិបតេយ្យទាំងមូល។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពជារួម ហាក់ដូចជាប្រសើរឡើងវិញក្រោយលោក ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងជ័យជម្នះរបស់លោក ចូ បៃដិន ជាមួយការសន្យាថា នឹងមានការផ្ទេរអំណាចដោយរលូន៕