(វ៉ាស៉ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ដែលមានតួនាទីការពារវិមានសភាអាមេរិក (Capitol Hill) ទើបតែបានបាត់បង់ជីវិតក្រោយរងរបួស អំឡុងភាពចលាចលនៃការប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលបានចូលលុកលុយដ៏កក្រើកនៅទីនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
វាគឺជាករណីដំបូងដែលសមត្ថកិច្ចអាមេរិកបាត់បង់ជីវិត ដោយសារអំពើហិង្សាក្នុងព្រឹត្តិការណ៍ដ៏អាក្រក់ខាងលើ។ កម្លាំងប៉ូលិសប្រចាំវិមានសភាអាមេរិក បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោក ប្រ៊ែន ស៊ីកជីក (Brian Sicknick) បានឆ្លើយតបចំពោះសកម្មភាពកុបកម្ម កាលពីថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១ នៅវិមាន Capitol Hill ហើយបានរងរបួសពេលប៉ះទង្គិចគ្នាជាមួយក្រុមកុបករ។ លោកបានដួលសន្លប់ ពេលមកដល់បន្ទប់ការិយាល័យវិញ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែលោកក៏បានបាត់បង់ជីវិតនៅទីនោះ កាលពីយប់ថ្ងៃព្រហស្បតិ៍»។
គួរបញ្ជាក់ថា អំឡុងភាពវឹកវរដែលកើតឡើង នៅវិមានសភាអាមេរិកកាលពីថ្ងៃពុធ ដែលបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងនៅជុំវិញពិភពលោក ដោយតែក្រុមអ្នកគាំទ្រប្រធានាធិបតីជិតអស់អាណត្តិ គឺលោក ដូណាល់ ត្រាំ ចង់ព្យាយាមរារាំងការទទួលស្គាល់ជាផ្លូវការរបស់សភាអាមេរិក ចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោតនោះ បាតុករ ០៤នាក់ក៏បានស្លាប់ផងដែរ ដោយរួមមានស្រ្តីម្នាក់ដែលត្រូវបានប៉ូលិសបាញ់ ខណៈការស្លាប់របស់មនុស្ស ០៣នាក់ទៀត មិនមានការបញ្ជាក់ច្បាស់លាស់៕