(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃសុក្រនេះ ទើបតែបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីប្រទេសសិង្ហបុរីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
លោក លី សៀនឡុង បានប្រកាសដំណឹងខាងលើតាមរយៈការបង្ហោះសារមួយ នៅលើបណ្តាញសង្គម Facebook ដោយមានភ្ជាប់នូវឃ្លីបវីដេអូបង្ហាញពី សកម្មភាពលោកទទួលការចាក់វ៉ាក់សាំង នៅឯមន្ទីរពេទ្យសិង្ហបុរីមួយកន្លែង។ នាយករដ្ឋមន្រ្តីសិង្ហបុរីវ័យ៦៨ឆ្នាំរូបនេះ បានបន្ថែមថា មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលលោក ខេនណេត ម៉ាក (Kenneth Mak) ក៏ទទួលបានការចាក់វ៉ាក់សាំងជាមួយលោកដែរ។
គួរបញ្ជាក់ថា សិង្ហបុរីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន កាលពីចុងខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោក លី បាននិយាយថា ការចាក់លក្ខណៈទ្រង់ទ្រាយកាន់តែធំសម្រាប់បុគ្គលិកសុខាភិបាល នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយសម្រាប់ជនចាស់ជរានឹងចាប់ផ្តើមនៅខែក្រោយ។
មកទល់ពេលនេះ សិង្ហបុរីបានអនុម័តឲ្យប្រើប្រាស់តែវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech មួយប៉ុណ្ណោះ ប៉ុន្តែក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដទៃទៀតដូចជា Moderna និង Sinovac ដើម្បីទិញឲ្យវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ សម្រាប់ប្រជាជនប្រមាណ៥.៧លាននាក់របស់ខ្លួនផងដែរ៕