(បាកដាដ)៖ ចៅក្រមម្នាក់នៃតុលាការក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងធ្វើឃាត មេដឹកនាំកងជីវពលអ៉ីរ៉ាក់ម្នាក់ កំឡុងប្រតិបត្តិការផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសិម សូឡៃមេនី (Qasem Soleimani)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
លោក អាប៊ូ ម៉ាហ៍ឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) ជាមេបញ្ជាការរងនៃកងជីវពលអ៉ីរ៉ាក់ (Popular Mobilization) ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ត្រូវបានផ្តាច់ជីវិតរួមជាមួយលោក Soleimani នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមប្រឹក្សានៃតុលាការកំពូលអ៉ីរ៉ាក់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតបឋមទាំងស្រុង ចៅក្រមបានសម្រេចចិត្ត ចេញដីកាចាប់ខ្លួនប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ»។ សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា នីតិវិធីស៊ើបអង្កេតនឹងបន្តធ្វើឡើង ដើម្បីស្វែងរកអ្នកចូលរួម ឬអ្នកពាក់ព័ន្ធទាំងឡាយក្នុងបទឧក្រិដ្ឋមួយនេះ មិនថាពួកគេជាពលរដ្ឋអ៉ីរ៉ាក់ ឬជនបរទេសនោះឡើយ។
គួរបញ្ជាក់ថា កងជីវពលអ៉ីរ៉ាក់ Popular Mobilization គឺជាកងកម្លាំងប្រដាប់អាវុធស៊ីអ៉ីតមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់។ កងជីវពលនេះត្រូវបានទទួលស្គាល់ ក្រោមច្បាប់អ៉ីរ៉ាក់កាលពីឆ្នាំ២០១៦ថា ជាកងកម្លាំងយោធាឯករាជ្យមួយ ដែលអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ ជាមួយនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់។ អ៉ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិក ៤៧នាក់ផ្សេងទៀតផងដែរ ពីបទមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Qasem Soleimani៕