(អឺរ៉ុប)៖ ប្រសិនបើព្រឹត្តិការណ៍បង្ហោះគ្រាប់រ៉ុក្កែត ដែលត្រូវបានចាត់ទុកថា លេចធ្លោជាងគេប្រចាំឆ្នាំ២០២០ គឺការបញ្ជូនក្រុមអវកាសយានិកអាមេរិក ចេញពីទឹកដីសហរដ្ឋអាមេរិកជាថ្មីឡើងវិញ អំឡុងបេសកកម្មរបស់ក្រុមហ៊ុន SpaceX និងទីភ្នាក់ងារអវកាស NASA នោះព្រឹត្តិការណ៍បង្ហោះគ្រាប់រ៉ុក្កែតប្រចាំឆ្នាំ២០២១នេះវិញ ច្បាស់ណាស់គឺជាការបញ្ជូនកែវយឺតអវកាស James Webb ឡើងទៅកាន់ទីអវកាស ក្រោយពីវាបានឆ្លងកាត់ការពន្យារពេល អស់ជាច្រើនលើកមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
James Webb Space Telescope គឺជាអ្នកបន្តវេនរបស់កែវយឺតអវកាសដ៏អស្ចារ្យគឺ Hubble ហើយកាលបរិច្ឆេទចុងក្រោយដែលត្រូវបានកំណត់ សម្រាប់ការបាញ់បង្ហោះរបស់វាគឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ កែវយឺតអវកាស James Webb នឹងត្រូវបាញ់បញ្ជូនចេញពីផ្ទៃផែនដីយើង តាមរយៈគ្រាប់រ៉ុក្កែត Ariane-5 របស់អឺរ៉ុប។
ការប្រើប្រាស់រ៉ុក្កែត Ariane-5 គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលទីភ្នាក់ងារអវកាសអឺរ៉ុប ESA សម្រេចបាន ដើម្បីមានឱកាសចូលរួមនៅក្នុងគម្រោងកែវយឺតអវកាសខាងលើ ដែលដឹកនាំដោយទីភ្នាក់ងារអវកាសអាមេរិក NASA។ តាមរយៈការផ្តល់គ្រាប់រ៉ុក្កែតសម្រាប់បង្ហោះ រួមនិងឧបករណ៍មួយចំនួនទៀត ESA ធានាបាននូវឱកាសប្រើប្រាស់កែវយឺតអវកាសថ្មីនេះ សម្រាប់ក្រុមតារាវិទូរបស់ខ្លួន នៅពេលវាដំណើរការ។
រ៉ុក្កែត Ariane-5 គឺជាប្រភេទគ្រាប់រ៉ុក្កែតបាញ់ហើយបោះចោល ដោយមកទល់ឥឡូវពួកវានៅសល់តែ 0៨គ្រឿងប៉ុណ្ណោះ ខណៈ១គ្រឿងត្រូវបានកក់ទុកសម្រាប់ការបញ្ជូនកែវយឺត Jame Webb ឡើងទីអវកាស។ បច្ចុប្បន្ន James Webb កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ នៅឯមូលដ្ឋានរបស់ក្រុមហ៊ុនអាមេរិក Northrop Grumman ក្នុងរដ្ឋកាលីហ្វរញ៉ា។
គួរបញ្ជាក់ថា កែវយឺតអវកាស James Webb នឹងត្រូវបាញ់បង្ហោះចេញពី មូលដ្ឋានបង្ហោះយានអវកាសអឺរ៉ុបក្នុងតំបន់ ហ្វ្រេន ហ្គាយ៉ាណ (French Guiana) របស់ប្រទេសបារាំង ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង។ តម្លៃរបស់វា James Webb គឺប្រហែល ១០ពាន់លានដុល្លារអាមេរិក ដោយគិតទាំងការចំណាយលើកិច្ចប្រឹងប្រឹងរចនា និងសាងសង់ រួមជាមួយថវិកាសម្រាប់ធ្វើប្រតិបត្តិការ កែវយឺតអវកាសនេះសម្រាប់រយៈពេល ០៥ឆ្នាំ៕