(តៃប៉ិ)៖ ចិនបានគំរាមទុកមុនឲ្យហើយថា សហរដ្ឋអាមេរិកនឹងត្រូវបង់តម្លៃដ៏ធំមួយ ប្រសិនបើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) ហ៊ានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ នាប៉ុន្មានថ្ងៃខាងមុខនេះ ដូចគម្រោងរបស់ក្រសួងការបរទេសអាមេរិក។ នេះបើតាមការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍មួយពីបេសកកម្មចិនប្រចាំនៅ UN បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកនឹងត្រូវតបស្នងតម្លៃដ៏ធំ សម្រាប់សកម្មភាពខុសឆ្គងរបស់ខ្លួន។ ចិនទទូចជាបន្ទាន់ឲ្យអាមេរិកបញ្ឈប់ទង្វើបង្កហេតុឡប់ៗរបស់ខ្លួន ហើយឈប់បង្កើតឧបសគ្គថ្មីៗទៀត សម្រាប់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅ UN និងឈប់ផុងខ្លួនដើរផ្លូវខុសកាន់តែឆ្ងាយទៀតទៅ»។
សេចក្តីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាត ចំពោះគម្រោងទស្សនកិច្ចរបស់អគ្គរដ្ឋទូត UN អាមេរិក ហើយស្នើឲ្យខាងអាមេរិកលុបចោលវិញនូវផែនការនេះ និងគោរពនូវគោលនយោបាយចិនតែមួយ ដែលកំណត់ថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោកស្រី Kelly Craft គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ដើម្បីជួបពិភាក្សាជាមួយបណ្តាមន្រ្តីជាន់ខ្ពស់តៃវ៉ាន់។ អំឡុងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបធ្លាប់បានធ្វើដំណើរទស្សនកិច្ចទៅតៃវ៉ាន់ បើទោះបីជាមានការប្រឆាំងយ៉ាងណាក៏ដោយពីទីក្រុងប៉េកាំងក៏ដោយ៕