(តៃប៉ិ)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាតិ លោកស្រី ឃែលលី ក្រាហ្វត៍ (Kelly Craft) នឹងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ មុននឹងលោក ដូណាល់ ត្រាំ ត្រូវចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បេសកកម្មការទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិបានឱ្យដឹងទៀតថា នៅក្នុងកំឡុងដំណើរទស្សនកិច្ច នាពេលឆាប់ៗខាងមុខនេះ លោកស្រី Kelly Craft នឹងពង្រឹងទំនាក់ទំនង ក៏ដូចជាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់នៅលើឆាកអន្តរជាតិ ដោយអនុលោមទៅតាមគោលនយោបាយចិនតែមួយ ដែលអាមេរិកបាននិងកំពុងប្រកាន់ខ្ជាប់ ដូចមានចែងនៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់, សេចក្ដីថ្លែងការណ៍រួមចំនួន ០៣ រវាសហរដ្ឋអាមេរិក និងប្រទេសចិន ព្រមទាំងគោលនយោបាយទាំង ០៦របស់សហរដ្ឋអាមេរិក ចំពោះដែនកោះមួយនេះ។
គួរបញ្ជាក់ថា ប្រទេសចិនតែងតែប្រឆាំងជំទាស់ជារឿយៗ ទៅនឹងការបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក មកកាន់កោះតៃវ៉ាន់ ដោយចោទថាវាជាទង្វើបំពាន លើគោលនយោបាយចិនតែមួយ។ កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០កន្លងទៅ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីសុខាភិបាល លោក អេឡិច អាហ្សារ (Alex Azar) ឱ្យមកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ផងដែរ។ ចិនបានសម្ដែងការខឹងសម្បារ ចំពោះដំណើរទស្សនកិច្ចនាពេលនោះ ហើយបានបង្កើនសកម្មភាពយោធាកាន់តែខ្លាំង តាមរយៈការបញ្ជូនយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿង ហោះមកឆ្វែលជុំវិញកោះតៃវ៉ាន់៕