Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសមាជិកសភាអាមេរិកមួយចំនួន អំពាវនាវឲ្យទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

08-01-2021 09:50

(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភាប្រឆាំងលោក ដូណាល់ ត្រាំ នៅក្នុងសភាទាំងពីររបស់សហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីឱ្យទម្លាក់ប្រធានាធិបតីចាំផ្ទះរូបនេះចេញពីតំណែង បន្ទាប់ពីមានភាពចលាចលផ្ទុះឡើងនៅឯវិមានសភា កាលពីថ្ងៃពុធកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក ឆាក់ ស្កាំមើ (Chuck Schumer) បាននិយាយថា លោក ដូណាល់ ត្រាំ គួរតែត្រូវបានដកចេញពីតំណែងជាបន្ទាន់ ខណៈលោកស្រីប្រធានសភាតំណាងរាស្ត្រ ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ក៏បានស្នើឱ្យសភាទាំងពីរ ទម្លាក់លោក ត្រាំ ចេញពីតំណែងផងដែរ។ តែទោះជាបែបនេះក្ដី ការដកលោក ត្រាំ ចេញពីតំណែងត្រូវបានគេមើលឃើញថា នឹងមិនអាចទៅរួចឡើយ ព្រោះគណបក្សសាធារណរដ្ឋនឹងមិនគាំទ្រការធ្វើបែបនេះជាដាច់ខាត ដោយពួកគេនឹងទុកឱ្យលោក ត្រាំ ដើរចេញពីសេតវិមានតាមសម្រួល នៅពេលអាណត្តិជាប្រធានាធិបតីផុតរលត់នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រោយរងការរិះគន់ និងបន្ទាប់ពីមានភាពចលាចល ដោយសារក្រុមអ្នកគាំទ្រសម្រុកចូលវិមានសភាអាមេរិក បានបណ្ដាលឱ្យមនុស្ស ០៤នាក់ស្លាប់ លោក ដូណាល់ ត្រាំ បានទទួលស្គាល់ផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយនឹងសន្យាថានឹង សម្រួលដល់ការផ្ទេរអំណាចដោយរលូន៕