(តេអេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់លោកហាសាន់ រូហានី បាននិយាយថា ភាពវឹកវរដែលបានកើតឡើងនៅសហរដ្ឋអាមេរិក បានបង្ហាញយ៉ាងច្បាស់ពីពីគុណវិបត្តិនៃប្រព័ន្ធនយោបាយរបស់លោកខាងលិច ខណៈដែលលោកក៏បានស្តីបន្ទោសទៅលើនយោបាយបក្សពួកនិយម ដែលបានញាំញីសាធារណរដ្ឋអ៊ីរ៉ង់ដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The independent នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
តាមរយៈសុន្ទរថាមួយនៅថ្ងៃព្រហស្បតិ៍នេះ លោក រូហានី បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងបានឃើញកាលពីយប់មិញ និងថ្ងៃនេះនៅសហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយ និងភាពផុយស្រួយនៃលិទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច និងភាពទន់ខ្សោយនៃមូលដ្ឋានរបស់វា»។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំពិភពលោកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះឈុតឆាកអំពើហិង្សាក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារវិមានសភា (Capitol) សំដៅរារាំងកុំឱ្យសភាទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន។ ជំុវិញកុបកម្មដ៏ហិង្សានេះ វាបានបណ្តាលឲ្យមនុស្សចំនួន ០៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីប៉ូលីស៕