(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលត្រូវបានគេមើលឃើញថា មាននោគមវិជ្ជាស្តាំនិយម ដូចទៅនឹងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែរនោះ បានជំរុញឲ្យបញ្ចប់នូវ អំពើហិង្សាដែលបានកើតឡើងនៅវិមានសភាអាមេរិក ដោយលោកបានចាត់ទុកទង្វើទាំងនេះថាជា រឿងគួរឲ្យស្អប់ខ្ពើម និងអាម៉ាស់សម្រាប់ប្រទេសមួយ ដែលតំណាងឲ្យលិទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The independent នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
តាមរយៈសារបង្ហោះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ លោក Boris Johnson បានលើកឡើងយ៉ាងដូច្នេះថា«ឈុតឆាកហិង្សានៅក្នុងសភាសហរដ្ឋអាមេរិក ពិតជាគួរឲ្យស្អប់ខ្ពើម។ សហរដ្ឋអាមេរិក គឺជាប្រទេសតំណាងឲ្យលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ហើយឥឡូវនេះវាចាំបាច់ណាស់ដែលគួរតែមានការផ្ទេរអំណាច ដោយសន្តិវិធីនិងមានរបៀបរៀបរយ»។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំពិភពលោកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះឈុតឆាកអំពើហិង្សាក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារវិមានសភា (Capitol) សំដៅរារាំងកុំឱ្យសភាទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន។ ជំុវិញកុបកម្មដ៏ហិង្សានេះ វាបានបណ្តាលឲ្យមនុស្សចំនួន ០៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីប៉ូលីស៕