(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកចាំបាច់ត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង ខណៈដែលពួកគេបានផ្តល់នូវការឆ្លើយតបខុសគ្នាខ្លាំង ចំពោះកុបកម្មនៅវិមានសភាអាមេរិក បើប្រៀបធៀបទៅនឹងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បានផ្សាយអំពីភាពចលាចលនៅទីក្រុងហុងកុងកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះ នៅពេលត្រូវបានគេស្នើសុំឲ្យធ្វើអត្ថាធិប្បាយ ជំុវិញកុបកម្មនៅសហរដ្ឋអាមេរិកដែលរហូតមកដល់ពេលនេះ បានបណ្តាលឲ្យមនុស្សចំនួន ០៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីប៉ូលីស។

កាលពីថ្ងៃពុធសប្តាហ៍នេះ(ម៉ោងនៅវ៉ាស៊ីនតោន) អ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ រាប់ពាន់នាក់បានវាយលុកចូលវិមានសភាអាមេរិក ក្នុងគោលបំណងដើម្បីរារាំងការទទួលជ័យជំនះរបស់លោកចូ ប៉ៃដិន។

ជំុវិញសោកនាដកម្មនេះផងដែរ លោកស្រី Hua បានបន្ថែមថា លោកស្រីសង្ឃឹមថាសហរដ្ឋអាមេរិក នឹងអាចស្តារសន្តិភាពនិងស្ថេរភាពឡើងវិញ ខណៈដែលស្ថានភាពបច្ចុប្បន្ននៅទីនោះ វាបានរំលឹកលោកស្រីអំពីបាតុកម្មនៅហុងកុង កាលពីឆ្នាំមុន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានចោតសួរសំនួរជាច្រើន អំពីប្រតិកម្មផ្សេងៗរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានសំខាន់ៗនៅសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានកោតសរសើរចំពោះអំពើហឹង្សានៅហុងកុង ដោយថែមទាំងបានហៅវាថាជា«ទិដ្ឋភាពដ៏ស្រស់ស្អាត» ខណៈដែលក្រុមជ្រុលនិយមថាជា«វីរបុរសប្រជាធិបតេយ្យ»។ ចំណែកឯ ភាពចលាចលដែលបានកើតឡើងនៅវិមានសភាអាមេរិកនៅថ្ងៃនេះ បែរជាប្រព័ន្ធផ្សព្វផ្សាយដដែលនេះបានហៅថាជា«កុប្បកម្ម» ហើយក្រុមអ្នកតវ៉ាជា«ក្រុមមនុស្សកំណាច»។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមកុបករបានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេល រាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ប៉ូលិសអាមេរិកក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋផងដែរ។ ចំណែកនៅក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន៕