(វ៉ាស៊ីនតោន)៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានព្រមានក៏ដូចជាក្រើនរំលឹកឱ្យពលរដ្ឋរបស់ខ្លួន ដែលរស់នៅ ឬស្ថិតនៅតំបន់ក្បែរវិមាន Capitol មានការប្រុងប្រយ័ត្នខ្ពស់ បំផុត និងត្រូវនៅឱ្យឆ្ងាយពីបាតុកម្មតវ៉ា បន្ទាប់ពីក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលអគារសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
ការព្រមានខាងលើរបស់ស្ថានទូតចិន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយភាពចលាចល និងអំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីលោក ត្រាំ បានអំពាវនាវឱ្យក្រុមអ្នកគាំទ្ររបស់លោក ធ្វើបាតុកម្មតវ៉ានៅក្បែរវិមានសភាអាមេរិក (Capitol) ដោយស្រែកពាក្យស្លោកថា «មិនព្រមចុះចាញ់ជាដាច់ខាត»។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ស្ថានភាពបច្ចុប្បន្ន នៅក្នងសហរដ្ឋអាមេរិក គឺតឹងតែងជាទីបំផុត។ ដូច្នេះស្ថានទូតចិន ក្រើនរំលឹកឱ្យពលរដ្ឋចិនទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ទាំងចំពោះ COVID-19 និងបាតុកម្មតវ៉ា ហើយត្រូវទាក់ទងជាមួយប៉ូលិស នៅក្នុងករណីមានគ្រោះថ្នាក់ ឬបញ្ហាបន្ទាន់»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាច ថ្ងៃដដែល។ ពួកគេ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួល ស្គាល់ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ បើតាមប៉ូលិសអាមេរិក មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ៕