(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៣០៥ករណីបន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យរបស់ CCSA លោក ថាវីស៊ីន វិសានុយោធិន (Taweesin Visanuyothin) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ក្នុងចំណោមករណីឆ្លងថ្មីៗ ខាងលើ៣០២ករណី គឺជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ១០៩ករណី ជាជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា ដែលរស់នៅក្នុងខេត្តសាមុតសាខន (Samut Sakhon) ជាកន្លែងដែលការផ្ទុះឡើងនៃ COVID-19 ចុងក្រោយបង្អស់នៅក្នុងប្រទេសថៃ ដែលត្រូវបានរកឃើញដំបូងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ ចំណែកឯ ០៣ ករណីផ្សេងទៀត ជាករណីនាំចូល ដែលត្រូវបានគេរកឃើញនៅក្នុងរង្វង់ចត្តាឡីស័កអ្នកដែលបានធ្វើដំណើរមកពីបរទេស។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៩,៦៣៦ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧នាក់ និងជាសះស្បើយ ៤,៥២១នាក់៕