(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមដាក់ទណ្ឌកម្មជុំវិញ ការចាប់ខ្លួនក្រុមសកម្មជនប្រជាធិបតេយ្យជាច្រើននាក់ដោយអាជ្ញាធរហុងកុង ហើយក៏បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងផងដែរ ដែលជនជាតិអាមេរិកម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៥៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីមួយថ្ងៃមុន «គួរតែត្រូវបានដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ ក៏រួមមានជនជាតិអាមេរិកម្នាក់ គឺលោក ចន ឃ្លែនស៉ី (John Clancey) ដែលជាមេធាវីម្នាក់ធ្វើការឲ្យក្រុមហ៊ុនដែលត្រូវបានគេស្គាល់ថា ជាអ្នកកាន់រឿងក្តីសិទ្ធិមនុស្សផងដែរ។
លោក Pompeo បានបន្តថា «សហរដ្ឋអាមេរិក នឹងមិនឈរជើងមើលឡើយ ខណៈប្រជាជនហុងកុង កំពុងទទួលរងនូវការជិះជាន់ដោយបក្សកុម្មុយនិស្តចិន។ សហរដ្ឋអាមេរិកនឹងពិចារណាការដាក់ទណ្ឌកម្ម និងការរឹតត្បិតផ្សេងៗលើបុគ្គល និងអង្គភាពទាំងអស់ ដែលពាក់ព័ន្ធក្នុងការប្រតិបត្តិការចាប់ខ្លួនប្រជាជនហុងកុង ដោយហៅការចាប់ខ្លួននេះថាជា «ការបញ្ចេញកំហឹង និងការមើលងាយដោយបក្សកុម្មុនិសចិនចំពោះប្រជាជនរបស់ខ្លួន និងនិតិរដ្ឋ»។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការដោយប្រើកម្លាំងប៉ូលិសហុងកុងប្រមាណ ១,០០០នាក់ ក្រុមសកម្មជនខាងលើត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ពីបទរំលោភបំពានច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ចេញសម្រាប់ហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដើម្បីទប់ស្កាត់សកម្មភាពផ្ដាច់ទឹកដី, បង្កចលាចល, ភេរវកម្ម និងការគប់គិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិសុខជាតិ ហើយអ្នកដែលល្មើសនឹងច្បាប់នេះធ្ងន់ធ្ងរអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត៕