(វ៉ាស៊ីនតោន)៖ នៅទីបំផុតលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ជាសាធារណៈលើកដំបូងបំផុតថា លោកនឹងចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ជាមួយនិងការសន្យាផងដែរថា នឹងមានការរៀបចំការផ្ទេរអំណាចទៅឱ្យប្រធានាធិបតីថ្មី គឺលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីសភាទំាងពីររបស់សហរដ្ឋអាមេរិក នៅពេលទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ បានប្រកាសជាផ្លូវការថា លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ពិតជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នោះប្រាកដមែន និងត្រូវត្រៀមខ្លួន ដើម្បីស្បថឡើងកាន់តំណែងជាផ្លូវការ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Twitter ដោយអ្នកនាំពាក្យសេតវិមាន លោក ឌែន ស្កាវីណូ (Dan Scavino) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាខ្ញុំមិនយល់ស្របទាំងស្រុង ចំពោះលទ្ធផលបោះឆ្នោតក៏ដោយ ប៉ុន្តែវានឹងមានការរៀបចំការផ្ទេរអំណាចនៅថ្ងៃទី២០ ខែមករា»។ លោក ត្រាំ សង្កត់ធ្ងន់បន្ថែមទៀតថា «ខ្ញុំតែងតែបានលើកឡើងជានិច្ចថា យើងនឹងបន្តការតស៊ូរបស់យើង ដើម្បីធានាឱ្យបានថា មានតែសន្លឹកឆ្នោតស្របច្បាប់ប៉ុណ្ណោះ ដែលត្រូវបានរាប់ ហើយចំពោះមុខការបិទបញ្ចប់អាណត្តិទី ១ ដ៏អស្ចារ្យ ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីនោះ វាគ្រាន់តែជាការចាប់ផ្ដើមការតស៊ូរបស់យើង ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត (Make America Great Again) តែប៉ុណ្ណោះ»។
ថ្វីបើលោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាសាធារណៈថា លោកនឹងចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករាខាងមុនេះក៏ដោយ តែនៅតែលោកមិនព្រមទទួលស្គាល់បរាជ័យ ឬជ័យជម្នះរបស់លោក បៃដិន ដដែល។ ការប្រកាសទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីអាមេរិកថ្មី ត្រូវបានធ្វើឡើងដោយ លោកអនុប្រធានាធិបតីអាមេរិក ម៉ៃក៍ ភែន (Mike Pence) នៅពេលទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១ នេះតែម្តង (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ក្រោយការផ្ទុះបាតុកម្ម និងអំពើហិង្សាក្នុងវិមានសភា ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលបានបង្ខំឲ្យសម័យប្រជុំសភា ត្រូវបានពន្យារពេលអស់ជាច្រើនម៉ោង។
គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅនេះ អង្គបោះឆ្នោតសរុប ៣០៦រូបបានបោះឆ្នោតគាំទ្រលោក ចូ បៃដិន ខណៈ ២៣២រូបទៀតបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំដូចទៅនឹង លទ្ធផលក្រោយការបោះឆ្នោត កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ការប្រកាសទទួលស្គាល់ ដោយសភាទាំងពីររបស់អាមេរិកខាងលើនេះ គឺមានន័យថាលោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីទី ៤៦ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយគ្មានការរាំងស្ទះអ្វីទាំងអស់៕