(វ៉ាស៊ីនតោន)៖ ៩០នាទី មុននឹងក្រុមកុបករសម្រុកចូលអគារសភា (Capitol Hill) ដែលជាតំណាងប្រជាធិបតេយ្យអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានថ្លែងសារជាច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបង្កប់ទៅដោយពាក្យពេចន៍ញុះញង់អុជអាល ឱ្យក្រុមអ្នកគាំទ្ររបស់លោកធ្វើបាតុកម្មតវ៉ា នៅឯវិមានសភា ដើម្បី រារាំងមិនឱ្យសភាទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ ផ្ទាល់នៅតែបន្តអះអាងថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលួចបន្លំ ហើយគោលជំហរបែបនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការលើកទឹកចិត្តឱ្យក្រុមអ្នកគាំទ្រ បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត។
«អ្នកទាំងអស់គ្នា នឹងមិនអាចយកប្រទេសរបស់អ្នកត្រឡប់មកវិញ ដោយភាពទន់ខ្សោយនោះទេ។ ដូច្នេះអ្នកត្រូវតែបង្ហាញភាពខ្លាំងរបស់អ្នក»។ នេះគឺជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ ផ្ញើជូនអ្នកគាំទ្ររបស់លោក មុននឹងលោកប្រាប់អ្នកគាំទ្រត្រលប់ទៅផ្ទះវិញ។ ជាធម្មតា ប្រជាធិបតេយ្យមួយ ដែលដើរហួសបន្ទាត់ព្រំដែនកំណត់ វានឹងបង្កទៅជា «ភាពអាណាធិបតេយ្យ»។
*ប្រជាធិបតេយ្យអាមេរិក ធ្លាក់ក្នុងសុបិនអាក្រក់?
ភាពចលាចល និងអំពើហិង្សា នៅឯវិមាន Capitol ត្រូវបានមេដឹកនាំពិភពលោក ក្នុងនោះរួមមាន អេស្ប៉ាញ បារាំង កាណាដា អង់គ្លេស រួមទាំងថ្នាក់ដឹងនាំសហភាពអឺរ៉ុប ថ្កោលទោស យ៉ាងខ្លាំង ហើយពួកគេថែមទាំងចាត់ទុកផងដែរថា អ្វីដែលបាន និងកំពុងកើតឡើងនៅឯអគារសភាអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងជាការវាយប្រហារលើប្រជាធិបតេយ្យ ទាំងមូល។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំទាំងនេះ នៅតែជឿទុកចិត្តលើប្រជាធិបតេយ្យអាមេរិក ហើយរំពឹងថាសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន នឹងអាច ជំនះសុបិនដ៏អាក្រក់នេះ។
ថ្លែងនៅក្នុងសារបង្ហោះលើ Twitter នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំជឿទុកចិត្តលើភាពរឹងមាំនៃប្រជាធិបតេយ្យអាមេរិក ហើយ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន អាចនឹងជំនះសុបិនអាក្រក់នេះ ក៏ដូចជាបង្រួបបង្រួមឯកភាពជាតិនៃប្រជាជនអាមេរិកឡើងវិញ»។ ក៏ប៉ុន្តែ ព្រមពេលជាមួយ រដ្ឋាភិបាលអ៉ីរ៉ង់ និងរដ្ឋាភិបាលវេណេស៊ុយអេឡា របស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានឆ្លៀតឱកាសរិះគន់លើសហរដ្ឋអាមេរិកចំៗ ដោយថាទីក្រុងវ៉ាស៊ីនតោនក៏មានថ្ងៃនេះ ដែរ។ « អ្វីដែលបានកើតឡើង គឺជារឿងគួរឱ្យសោកស្ដាយ។ សហរដ្ឋអាមេរិក បានរងការឈឺចាប់ដូចគ្នា ពីអ្វីដែលពួកគេបានបង្កើតឡើងនៅក្នុងបណ្ដាប្រទេសដទៃ ជាមួយ «គោលនយោបាយឈ្លានពាន» របស់ខ្លួន»។
ដោយឡែក ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយដែរថា អ្វីដែលបានកើតឡើងនៅឯវិមានសភាអាមេរិក បានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សាយ និងផុយស្រួយ នៃប្រជាធិបតេយ្យលោកខាងលិច។ « អ្វីដែលយើងបានឃើញនៅឯវិមានសភាអាមេរិក គឺបានបង្ហាញពីភាពទន់ខ្សាយ និងផុយស្រួយ នៃប្រជាធិបតេយ្យលោកខាងលិច។ គាត់ (លោក ត្រាំ) បានបំផ្លាញមុខមាត់ប្រទេសរបស់គាត់ ហើយបានបំផ្លាញទំនាក់ទំនងជាមួយពិភពលោកទាំងមូល»។ នេះបើជាការលើកឡើងរបស់លោក រូហានី។
*តើលោក ត្រាំ នឹងដាក់ចេញច្បាប់អាជ្ញាសឹក ឬ?
នៅពេលនេះ សំនួរដែលកំពុងត្រូវបានគេចោទសួរច្រើនជាងគេ នោះគឺថាតើលោក ដូណាល់ ត្រាំ អាចនឹងព្យាយាមធ្វើអ្វីខ្លះ? កំឡុងអាណត្តិជាប្រធានាធិបតីអាមេរិករបស់លោក ដែលនៅសល់ប្រហែលជា ២សប្ដាហ៍ទៀត។ ភាពចលាចល និងអំពើហិង្សា នៅឯអគាសភាអាមេរិក បានធ្វើឱ្យក្រុមមន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងមន្ទីរបញ្ចកោណមានការព្រួយ បារម្ភជាខ្លាំង និងចោទសួរខ្លួនឯងថា ពួកគេត្រូវធ្វើ ឬឆ្លើយតបយ៉ាងដូចម្ដេច បើសិនជាលោក ត្រាំ ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលច្បាប់នេះផ្ដល់អំណាចឱ្យប្រធានាធិបតី អាមេរិក ដាក់ពង្រាយយោធា និងកងកម្លាំងឆ្មាំជាតិ ដើម្បីទប់ស្កាត់ ឬបង្ក្រាបសកម្មភាពឧទ្ទាម និងរក្សាសណ្ដាប់ធ្នាប់។
មនុស្សនៅជុំវិញ លោក ត្រាំ ក្នុងនោះរួមមាន អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn បានជំរុញឱ្យលោក ត្រាំ ដាក់ចេញច្បាប់អាជ្ញាសឹក។ បន្ថែមពីលើនេះ ក្រោយ ក្រុមកុបករគាំទ្រលោក ត្រាំ សម្រុកចូលអគារសភា កូនស្រីរបស់ប្រធានាធិបតីអាមេរិករូបនេះ គឺលោកស្រី Ivanka Trump ក៏បានហៅ និងចាត់ទុកក្រុមកុបករថាជា «ជាអ្នកស្នេហាជាតិទៀតផង» តែក្រោយមក សារនេះត្រូវបានលុបចោលវិញ។
ការព្រួយបារម្ភថាលោក ត្រាំ អាចនឹងធ្វើអ្វីខ្លះទៀតចេញមកក្រៅ មិនមែនត្រឹមតែជាទ្រឹស្ដីនោះទេ។ ជាក់ស្ដែង អ្វីដែលបានកើតឡើងកាលពីថ្ងៃពុធ គឺបានបង្ហាញថាលោក ត្រាំ នៅតែ អាចបញ្ជាទៅលើក្រុមមន្ត្រី ឬក្រុមមនុស្សដែលស្មោះជាមួយលោកដដែល ហើយនេះគឺហេតុផលមួយដែលក្រុមកុបករ អាចសម្រុកចូលក្នុងអគារសភា បានយ៉ាងងាយស្រួល។ ផ្ទុយពី ក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ ដែលត្រូវបានប៉ូលិសអាមេរិក បង្រ្កាបយ៉ាងចាស់ដៃ។
*តើនឹងមានអ្វីកើតឡើង សម្រាប់អ្នកសារធារណរដ្ឋ?
មុននឹងឆ្លើយសំនួរមួយនេះ គេត្រូវតែដឹងជាមុនសិនថា តើបច្ចុប្បន្ន មានសមាជិកសភាសាធារណរដ្ឋប៉ុន្មាននាក់ទៀត ដែលនៅតែបន្តគាំទ្រ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលថាការបោះឆ្នោតត្រូវបានលួចបន្លំ? បន្ទាប់ពីក្រុមកុបករចូលលុកលុយអគារសភា ប្រធានសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Mitch McConnell បានច្រានចោលការអះអាងរបស់ លោក ដូណាល់ ត្រាំ ជុំវិញការចោទប្រកាន់ការបោះឆ្នោតត្រូវបានលួចបន្លំ។ មិនតែប៉ុណ្ណោះ លោក McConnell ក៏បានប្រកាសដែរថា លោក និងចូលរួមជាមួយសមាជិកសភាដទៃ ដើម្បីទទួលស្គាល់ជាផ្លូវការ អ្នកដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។
មកដល់ដំណាក់កាលនេះ ទោះបីជាលោក ដូណាល់ ត្រាំ នៅតែមានឥទ្ធិពលនៅក្នុងគណបក្សសាធារណរដ្ឋក៏ដោយ ក៏អ្នកជំនាញភាគច្រើនយល់ថា ដើម្បីការពារមុខមាត់បក្ស និង បញ្ចៀសភាពចលាចល អ្នកសាធារណរដ្ឋមានតែផ្លូវ បោះបង់ចោលលោក ត្រាំ ហើយទទួលស្គាល់ថាលោក បៃដិន ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។ ក្រៅតែពី លោក McConnell អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន ក៏ត្រូវបានគេរាយការណ៍ដែរថា នឹងមិនរារាំងសភា ទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិននោះទេ ទោះបីជាមាន សម្ពាធពីលោក ត្រាំ ក៏ដោយ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមកុបករគាំទ្រ លោក ដូណាល់ ត្រាំ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ពួកគេ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួល ស្គាល់ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ បើតាមប៉ូលិសអាមេរិក មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ៕