(ឌូបៃ)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានចាប់ផ្តើមយុទ្ធនាការធ្វើតេស្ត វ៉ាក់សាំងប្រឆាំង COVID-19 ផលិតដោយរុស្ស៊ីមានឈ្មោះថា Sputnik V នោះហើយ ជាមួយនិងក្រុមអ្នកស្ម័គ្រចូលរួមចំនួនជាង ៥០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
ការធ្វើតេស្តដំណាក់កាលទី ៣ ឬជាដំណាក់កាលចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ខណៈប្រទេសមហាសេដ្ឋីប្រចាំតំបន់អារ៉ាប់មួយនេះ កំពុងប្រឈមមុខករណីឆ្លងជំងឺ COVID-19 កើតឡើងយ៉ាងគំហុកជាប្រចាំថ្ងៃតែម្តង។
បើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួម វ៉ាក់សាំង Sputnik V ចំនួន ០២ដូស នឹងត្រូវចាក់ជូនពលរដ្ឋស្ម័គ្រក្នុងម្នាក់ៗ ដោយការចាក់ក្នុងមួយដូស ត្រូវមានគម្លាតពីគ្នា ២០ថ្ងៃ ខណៈអ្នកស្ម័គ្រគឺត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បច្ចុប្បន្នអេមីរ៉ាត់អារ៉ាប់រួម ក៏កំពុងស្ថិតក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ក្នុងដំណាក់កាលទី ៣ ផងដែរ។
គួរបញ្ជាក់តាមគេហទំព័រ worldometers ឲ្យដឹងថា អេមីរ៉ាត់អារ៉ាប់រួមបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុប ២១៨,៧៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៦៨៩នាក់ និងជាសះស្បើយឡើងវិញ ១៩៥,៥២០នាក់។ ទោះបីជាអត្រាស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសសេដ្ឋីអារ៉ាប់មួយនេះ មានកម្រិតទាបក៏ដោយ ប៉ុន្តែករណីឆ្លងប្រចាំថ្ងៃគឺលោតដល់ជាង ២,០០០នាក់ឯណោះ៕