(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកមួយចំនួន បានចេញមុខថ្កោលទោសអំពើហិង្សាដ៏អាក្រក់ នៅឯវិមានសភាអាមេរិក (Capitol Hill) ដែលបានកើតឡើងដោយសារការចូលលុកលុយ ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីរារាំងដំណើរការផ្ទេរអំណាចដោយសន្តិវិធី គឺការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា ប្រវត្តិសាស្រ្តនឹងចង់ចាំយ៉ាងច្បាស់ថា ការផ្ទុះអំពើហិង្សានៅឯវិមានសភា គឺជាពេលវេលាមួយនៃភាពអាប់ឱនកេរ្តិ៍ឈ្មោះ និងក្តីអាម៉ាស់ដ៏ធំធេងមួយសម្រាប់ប្រជាជាតិអាមេរិក។ លោក អូបាម៉ា បានបន្តទៀតថា អំពើហិង្សានេះបានបង្កឡើងដោយសារតែ ប្រធានាធិបតីកំពុងកាន់អំណាច (លោក ត្រាំ) ដែលតែងតែនិយាយភូតកុហក ដោយគ្មានមូលដ្ឋាន អំពីលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនាពេលកន្លងទៅ។
ចំណែកអតីតប្រធានាធិបតីលោក ប៊ីល គ្លីនតុន បាននិយាយថា ការវាយប្រហារលើវិមានសភា គឺត្រូវបានជំរុញដោយរយៈពេល ០៤ឆ្នាំ នៃការធ្វើនយោបាយបែបពិសពុល និងដុតបញ្ឆេះរបស់លោក ដូណាល់ ត្រាំ ផ្ទាល់។ លោកបានបន្តថា កុបកម្មនៅវិមាន Capitol Hill កើតចេញមកពី ការបំភ្លៃព័ត៌មានដោយចេតនា ដែលបានបង្កឲ្យមានភាពមិនជឿទុកចិត្ត នៅក្នុងប្រព័ន្ធនយោបាយអាមេរិក ហើយធ្វើឲ្យប្រជាជនអាមេរិក បះបោរប្រឆាំងជនជាតិឯង។
ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស ក៏បានលើកឡើងថា ពេលបានឃើញព្រឹត្តិការណ៍កាលពីថ្ងៃពុធសប្តាហ៍ លោកសឹងមិនជឿភ្នែកលោកទាល់សោះ និងភ្ញាក់ផ្អើលជាខ្លាំងដោយលោកយល់ថា វាជាទិដ្ឋភាពដ៏អាក្រក់ និងគួរឲ្យសោកស្តាយ។ លោក ប៊ូស បានសង្កត់ធ្ងន់ថា នេះគឺជារបៀបដែលលទ្ធផលឆ្នោតត្រូវបានតវ៉ា នៅតាមប្រទេសប្រជាធិបតេយ្យទន់ខ្សោយ ដែលគ្មានស្ថិរភាព នយោបាយ មិនមែននៅក្នុងប្រទេសបិតាប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិកឡើយ។ រីអតីតប្រធានាធិបតីអាមេរិក លោក ជីមី ខាតថឺ បានចាត់ទុកអំពើហិង្សានៅវិមានសភាថា ជាសោកនាដកម្មជាតិមួយ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ជាច្រើននាក់ បាននាំគ្នាសម្រុកចូលអុកឡុកវិមាន Capitol Hill ដើម្បីព្យាយាមរារាំងសភាអាមេរិក មិនឲ្យធ្វើការផ្ទៀងផ្ទាត់ជាផ្លូវការ នូវជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។ មនុស្សចំនួន ០៤នាក់បានបាត់បង់ជីវិត ហើយ៥២នាក់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ដ៏ចលាចលនេះ៕